វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ ឧសភា ថា ការចរចាសន្តិភាពជុំថ្មីជាមួយអ៊ុយក្រែន «ពុំទាន់ត្រូវបានព្រមព្រៀងនៅឡើយ» ដោយជំទាស់ទៅនឹងការរាយការណ៍ដែលថាប្រទេសទាំងពីរនឹងបើកការចរចាក្នុងពេលឆាប់ៗនេះនៅឯបុរីវ៉ាទីកង់។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់ជម្លោះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅនេះ កាលពីសប្តាហ៍មុននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។

កាសែត Wall Street Journal បានរាយការណ៍ថា ការចរចាបន្តរវាងភាគីទាំងពីរត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅបុរីវ៉ាទីកង់ ដែលចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធរឿងនេះ។ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា «ពុំមានកិច្ចព្រមព្រៀងណាមួយលើបញ្ហានេះទេ»។

លោកក៏បានច្រានចោលការលើកឡើងរបស់ប្រធានាធិបតីប្រទេសហ្វាំងឡង់ Alexander Stubb ដែលនិយាយថា «កិច្ចចរចាបច្ចេកទេស» អាចប្រព្រឹត្តទៅនៅបុរីវ៉ាទីកង់នៅដើមសប្តាហ៍ក្រោយ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយបន្ថែមថា «ពុំមានកិច្ចព្រមព្រៀងជាក់លាក់ណាមួយសម្រាប់ជំនួបបន្ទាប់នោះទេ។ បញ្ហានេះពុំទាន់ត្រូវបានព្រមព្រៀងនៅឡើយ» ។
ទីក្រុងមូស្គូ បានទប់ទល់ទៅនឹងសម្ពាធរបស់ប្រទេសលោកខាងលិចរយៈពេលជាច្រើនសប្តាហ៍មកនេះសម្រាប់បទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌរបស់អ៊ុយក្រែន ដោយសង្កត់ទៅលើការវាយលុករយៈពេល៣ឆ្នាំរបស់ខ្លួន ដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់។