ឆ្មាំបដិវត្តន៍របស់ទីក្រុងតេអេរ៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២ ឧសភាថា អ៊ីស្រាអែលនឹងទទួល «ការឆ្លើយតបដ៏មហន្តតរាយ និងធ្ងន់ធ្ងរ» ប្រសិនបើប្រទេសនេះវាយប្រហារអ៊ីរ៉ង់ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយCNN បានរាយការណ៍ព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកដែលនិយាយថា អ៊ីស្រាអែលកំពុងត្រៀមការវាយលុកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា អ្នកនាំពាក្យឆ្មាំបដិវត្តន៍ លោក Alimohammad Naini បាននិយាយថា «ពួកគេកំពុងព្យាយាមបំភិតបំភ័យយើងដោយការធ្វើសង្រ្គាម ប៉ុន្តែកំពុងគិតខុស ខណៈពួកគេមិនបានដឹងអំពីការគាំទ្រ និងយោធាដ៏មានឥទ្ធិពលដែលសាធារណរដ្ឋអ៊ីស្លាមមួយនេះ អាចប្រមូលផ្តុំនៅក្នុងលក្ខខណ្ឌសង្រ្គាម» ។

ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងបើកការចរចានុយក្លេអ៊ែរជុំទីប្រាំនៅថ្ងៃសុក្រនេះនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ក្នុងពេលមានការខ្វែងគំនិតគ្នាខ្លាំងលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងប្រទេសអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិក និយាយថាជាច្រកដែលអាចធ្វើទៅបានក្នុងការអភិវឌ្ឍន៍គ្រាប់បែកនុយក្លេអ៊ែរ។ ប៉ុន្តែអ៊ីរ៉ង់ បានបដិសេធរាល់បំណងបែបនេះ។
អ្នកការទូតបាននិយាយថា ការដួលរលំនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ដែលពុំបន្ធូរបន្ថយការព្រួយបារម្ភរបស់អ៊ីស្រាអែលអំពីប្រទេសអ៊ីរ៉ង់ដែលកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ អាចជំរុញឱ្យមានការវាយប្រហាររបស់អ៊ីស្រាអែលលើគូប្រជែងក្នុងតំបន់របស់ខ្លួន។