ប្រទេសអឺរ៉ុបចំនួន៩ ដឹកនាំដោយប្រទេសអ៊ីតាលី និងដាណឺម៉ាក កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា បានអំពាវនាវឱ្យសហភាពអឺរ៉ុប បង្កើតភាពកាន់តែងាយស្រួលសម្រាប់រដ្ឋជាសមាជិក ក្នុងការបណ្តេញឧក្រិដ្ឋជនបរទេស។

រដ្ឋាភិបាលអឺរ៉ុប បានសម្តែងការខកចិត្តចំពោះរបៀបដែលតុលាការសិទ្ធិមនុស្សអឺរ៉ុប ប្រើប្រាស់អនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សដើម្បីរារាំងការនិរទេស ហើយពួកគេចង់ឃើញមានការកែប្រែឡើងវិញ។
លិខិតមួយច្បាប់ ដែលត្រូវបានបង្ហាញបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ រវាងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni និងលោកស្រី Mette Frederiksen នៃប្រទេសដាណឺម៉ាក បានជំរុញឱ្យសហភាពអឺរ៉ុបពិនិត្យមើលឡើងវិញពីរបៀបដែលតុលាការបកស្រាយអនុសញ្ញានេះ។

លិខិតនេះ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសដាណឺម៉ាក អ៊ីតាលី អូទ្រីស បែលហ្សិក សាធារណរដ្ឋឆេក អេស្តូនី ឡាតវី លីទុយអានី និងប្រទេសប៉ូឡូញ។
ប្លុកអភិរក្សនិយមរបស់លោកស្រី Meloni បានទទួលតំណែងនៅឆ្នាំ២០២២ ដោយប្តេជ្ញាបង្ក្រាបការធ្វើអន្តោប្រវេសន៍។ ប្រទេសដាណឺម៉ាក បានដាក់ចេញនូវគោលនយោបាយអន្តោប្រវេសន៍កាន់តែខ្លាំងឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ។