រដ្ឋបាលក្រុមតាលីបង់ កំពុងពិភាក្សាកម្រិតខ្ពស់ជាមួយរុស្ស៊ី ដើម្បីអនុញ្ញាតឱ្យធនាគារនានាមកពីប្រទេសទាំងពីរធ្វើប្រតិបត្តិការពាណិជ្ជកម្មដោយផ្ទាល់ដែលមានតម្លៃរាប់រយលានដុល្លារជារូបិយប័ណ្ណក្នុងស្រុក។ រដ្ឋមន្ត្រីពាណិជ្ជកម្មស្តីទីបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភាថា សំណើស្រដៀងគ្នានេះក៏ត្រូវបានធ្វើឡើងចំពោះប្រទេសចិនផងដែរ។

រដ្ឋមន្ត្រី លោក Haji Nooruddin Azizi បាននិយាយថា ក្រុមបច្ចេកទេសមកពីប្រទេសអាហ្វហ្គានីស្ថាន និងរុស្ស៊ី កំពុងធ្វើការលើសំណើរនេះ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ លោកបាននិយាយថា ការពិភាក្សាជាមួយប្រទេសចិនក៏កំពុងដំណើរការដូចគ្នានេះដែរ។ បច្ចុប្បន្នប្រទេសរុស្ស៊ី និងអាហ្វហ្គានីស្ថាន ធ្វើពាណិជ្ជកម្មប្រហែល៣០០លានដុល្លារក្នុងមួយឆ្នាំ ហើយ លោក Azizi រំពឹងថានឹងកើនបន្ថែមទៀតដោយការកើនឡើងការវិនិយោគ ជាពិសេសនៅក្នុងផលិតផលប្រេង និងប្លាស្ទិក។

លោកបាននិយាយថា ក្រុមការងារមួយ រួមមានទាំងសមាជិកនៃក្រសួងពាណិជ្ជកម្មអាហ្វហ្គានីស្ថាន និងស្ថានទូតចិន ត្រូវបានបង្កើតឡើង ដើម្បីជំរុញផែនការនេះឲ្យឆ្ពោះទៅមុខ។ វិស័យហិរញ្ញវត្ថុរបស់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានកាត់ផ្តាច់យ៉ាងទូលំទូលាយពីប្រព័ន្ធពិភពលោក ដោយសារតែការដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមតាលីបង់។ ប្រទេសនេះ បានប្រឈមការធ្លាក់ចុះយ៉ាងខ្លាំងនៃលំហូរចូលប្រាក់ដុល្លារអាមេរិក បន្ទាប់ពីការកាត់បន្ថយជំនួយ។

ចាប់តាំងពីឆ្នាំ២០២២ អាហ្វហ្គានីស្ថាន បាននាំចូលឧស្ម័ន ប្រេង និងស្រូវសាលី ពីប្រទេសរុស្ស៊ី។ លោក Azizi បាននិយាយថា ការជំរុញរបស់ខ្លួនសម្រាប់ការធ្វើពាណិជ្ជកម្មរូបិយប័ណ្ណក្នុងស្រុកនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនអាហ្វហ្គានីស្ថាន និងជួយធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព។