ប្រធានអ្នកចរចាការដំឡើងពន្ធរបស់ប្រទេសជប៉ុន បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រាប់ការចរចាជុំទីបី។ លោក Akazawa Ryosei រដ្ឋមន្ត្រីស្តារសេដ្ឋកិច្ច បានចាកចេញពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅព្រឹកថ្ងៃសុក្រនេះ ហើយបាននិយាយទៅកាន់អ្នកសារព័ត៌មាន មុនពេលលោកចាកចេញ។

លោកបាននិយាយថា «ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក គឺជារឿងគួរឲ្យសោកស្ដាយ ហើយខ្ញុំនឹងសុំដោយទទូចថា ការដំឡើងពន្ធនេះគួរតែត្រូវបានដកចេញ»។ ប៉ុន្តែភាគីទាំងពីរ ត្រូវពិភាក្សាគ្នាអំពីបញ្ហា នានានិងឈានដល់កិច្ចព្រមព្រៀងដែលឈ្នះ-ឈ្នះសម្រាប់ទាំងពីរភាគី។ ខ្ញុំនឹងស្តាប់សំណើរបស់ខាងទីក្រុងវ៉ាស៊ីនតោន ហើយព្យាយាមស្វែងរកចំណុចរួមរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រី លោក Ishiba Shigeru បានជួបជាមួយ លោក Akazawa រដ្ឋមន្ត្រីស្តារសេដ្ឋកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ហើយបានប្រាប់លោកឱ្យត្រៀមខ្លួនដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដ៏ធំទូលាយ។ នៅថ្ងៃដដែល ប្រធានសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន លោក Katayama Masanori បាននិយាយថា ការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដែលបានដាក់នៅឆ្នាំនេះ បានចាប់ផ្តើមធ្វើឱ្យខូចសេដ្ឋកិច្ចពិភពលោក។
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានចូលរួមកិច្ចពិភាក្សាកាលពីពេលមុន សម្រាប់ភាគីអាមេរិក។ ទោះយ៉ាងណា លោកមិនត្រូវបានគេរំពឹងថានឹងមានវត្តមានក្នុងកិច្ចប្រជុំខាងមុខនេះទេ។