លោកប្រធានាធិបតី Donald Trump ហាក់ដូចព្យាយាមនៅឆ្ងាយពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រឹមតែពីរថ្ងៃបន្ទាប់ពីបាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

លោក Trump បានប្រាប់ក្រុមអ្នកសាព័ត៌មាននៅសប្ដាហ៍នេះថា ជម្លោះមិនពាក់ព័ន្ធនឹងពលរដ្ឋអាមេរិក ឬយោធាអាមេរិកទេ។
ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីចន្ទលោក Trump បានប្រាប់ក្រុមមេដឹកនាំសហភាពអឺរ៉ុបថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin ពុំទាន់បានត្រៀមខ្លួនបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនទេ ព្រោះរូបលោកគិតថាលោកកំពុងឈ្នះសង្គ្រាមហើយ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប៤រូប ដែលបានដឹងពីកាសន្ទនានោះ។

លោក Trump ដែលបានទូរស័ព្ទទៅប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មុនពេលនិយាយទៅកាន់លោក Putin និងបន្ទាប់ពីជាមួយក្រុមមេដឹកនាំអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថាជម្លោះមិនពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកទេ បើទោះបីជាការពិតដែលថាសហរដ្ឋអាមេរិកបានទទួលយកតួនាទីជាអ្នកសម្របសម្រួលរវាងប្រទេសទាំងពីរចាប់តាំងពីលោក Trump ចូលមកសេតវិមានក្នុងខែមករាក៏ដោយ។អំឡុងទទួលស្វាគមន៍វត្តមានប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa លោក Trump និយាយថានេះជារឿងបស់អ៊ុយក្រែន និងរុស្ស៊ី។

លោក Trump ក៏បាននិយាយផងដែរថា លោកជឿថាលោកបានធ្វើឱ្យមានការវិវឌ្ឍន៍ជាច្រើន ជាមួយលោក Putin នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃចន្ទរបស់លោក ក្នុងអំឡុងពេលប្រទេសទាំងពីរនៅទីបំផុតបានយល់ព្រមពិភាក្សារកបទឈប់បាញ់ និងជំរុញកិច្ចចរចាសន្តិភាពនៅប្រទេសទួរគី។ ទោះយ៉ាងណាក៏ដោយ លោក Trump ក៏បានចង្អុលបង្ហាញផងដែរថា ទាំងទីក្រុងមូស្គូ ទាំងទីក្រុង Kyiv នឹងត្រូវបោះជំហានទៅមុខទៀត លើកិច្ចពិភាក្សានាពេលអនាគត៕