យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសចិននៅថ្ងៃសុក្រសប្ដាហ៍នេះ សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងរក្សាទំនាក់ទំនងបន្ទាប់ពីការហៅទូរស័ព្ទរវាងអនុរដ្ឋមន្ត្រីការបរទេសចិនលោក ម៉ា ចាវស៊ូ (Ma Zhaoxu) និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Christopher Landau ។

សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ ដោយពុំបានបញ្ជាក់លម្អិត។

លោក Dan Wang នាយកក្រុមហ៊ុនប្រឹក្សាហានិភ័យនយោបាយរបស់ចិន Eurasia Group បាននិយាយថា បណ្តាញទំនាក់ទំនងដែលបានបង្កើតឡើងនៅក្នុងកិច្ចពិភាក្សាទីក្រុងហ្សឺណែវកំពុងដំណើរការ។ ជំនួបនេះប្រហែលជាមិនបង្ហាញពីភាពរីកចម្រើននៅក្នុងកិច្ចចរចាពាណិជ្ជកម្មដែលកំពុងបន្តតែ ជា"សញ្ញាវិជ្ជមាន"។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ដោយកត់សម្គាល់យ៉ាងខ្លីអំពីការមូលមតិគ្នាលើសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី និងកិច្ចព្រមព្រៀងមួយដើម្បីរក្សាទំនាក់ទំនងបើកចំហ។
បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយ ដើម្បីកាត់បន្ថយការដំឡើងពន្ធភាគច្រើនជាបណ្តោះអាសន្នលើទំនិញរបស់គ្នាទៅវិញទៅមក ខណៈកំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយ៕