ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ ហើយការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ឃើញមានការអន់ថយ វិស័យអចលនទ្រព្យត្រូវបានអ្នកជំនាញ រំពឹងទុកថា នឹងមានកំណើនឡើងវិញ នៅឆ្នាំ២០២២ខាងមុខនេះ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១នេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា សម្រាប់ឆ្នាំ២០២២ ត្រូវបានគេមើលឃើញថា ការបើកប្រទេសត្រូវបានបើកទូលាយឡើងវិញ ជំរុញការធ្វើដំណើរក្នុងស្រុកឡើងវិញ ជាពិសេសនៅរាជធានីភ្នំពេញតែម្តង ខណៈវិនិយោគបរទេស អាចធ្វើដំណើរត្រង់មកកម្ពុជា។
លោកបន្ថែមថា បច្ចុប្បន្ន បើទោះជាការទិញលក់អចលនវត្ថុមានមានសកម្មយឺត ប៉ុន្តែតម្លៃមិនទាន់រងផលប៉ះពាល់ខ្លាំងទេ។ ក្នុងនោះ តម្លៃដីឡូតិ៍ និងលំនៅដ្ឋានតម្លៃទាប និងមធ្យម ក៏មិនមានការប្រែប្រួលខ្លាំងដែរ ដោយសារទីផ្សារនេះផ្ដោតលើប្រជាជនក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។
ចំណែក លោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងដែរថា នៅឆ្នាំខាងមុខនេះ លោកគ្រោងពង្រីកនូវគម្រោងរបស់លោកចំនួន ៣បន្ថែមទៀត ដូចជានៅភូមិផ្កាត្រកួន, គម្រោងបុរីក្នុងខេត្តព្រៃវែង និងគម្រោងសួនឧស្សាហកម្មនៅក្រវ៉ាត់ក្រុង៣ ដើម្បីបំពេញតម្រូវតំរូវការ។
លោក បានបញ្ជាក់ទៀតថា កត្តាដែលនាំឲ្យលោកហ៊ានសម្រេចចិត្តក្នុងការអនុវត្តផែនការដែលគ្រោងទុកនេះ ដោយសារលោកជឿ និងទុកចិត្តលើថ្នាក់ដឹកនាំ ជាពិសេសសម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន គោលនយោបាយសេដ្ឋកិច្ច, ការបរទេសនិងភាពនឹងធឹងជាដើម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែធ្នូ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា វិស័យអចលនទ្រព្យ បានក្លាយជាវីស័យជំរុញកំណើនសេដ្ឋកិច្ចមួយ ក្នុងឆ្នាំ២០២១ ក្នុងចំណោមវិស័យជំរុញកំណើនផ្សេងទៀត មានដូចជា វិស័យកាត់ដេរ វិស័យមិនមែនកាត់ដេរ និងវិស័យកសិកម្ម ខណៈវិស័យសេវាកម្ម រំពឹងថា នឹងងើបឡើងវិញ៕
អត្ថបទ៖ បូរ៉ាវី
