តម្លៃប្រេង បានធ្លាក់ចុះសម្រាប់វគ្គជួញដូរទី៤ ជាប់ៗគ្នានៅថ្ងៃសុក្រ (២៣ ឧសភា) នេះ ហើយត្រូវបានកំណត់សម្រាប់ការធ្លាក់ចុះប្រចាំសប្តាហ៍ ជាលើកដំបូងក្នុងពេល ៣សប្តាហ៍ចាប់តាំងពីខែមេសា ដោយសារសម្ពាធផ្គត់ផ្គង់ជាថ្មីជុំវិញបំណងចង់បង្កើនទិន្នផលរបស់ OPEC+ មួយផ្សេងទៀតនៅក្នុងខែកក្កដា ខាងមុខ។

ហ៊ុនប្រេងឆៅ Brent បានធ្លាក់ ៣១សេន ឬ ០,៥% មកត្រឹម ៦៤,១៣ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោងសកល ០៤:១២នាទីព្រឹក។ ប្រេងឆៅរបស់អាមេរិក WTI បានថយចុះ ៣៣សេន ឬ ០,៥% ទៅតម្លៃ ៦០,៨៧ដុល្លារ។ សម្រាប់សប្តាហ៍នេះ ហ៊ុន Brent បានធ្លាក់ ១,៩% ហើយ WTI បានរអិលចុះ ២,៥% បន្ទាប់ពីកំណើនអស់ ២សប្តាហ៍។

សន្ទស្សន៍ទាំងពីរបានឈានដល់កម្រិតទាបបំផុតរបស់ខ្លួនក្នុងពេលជាងមួយសប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរបាយការណ៍របស់សារព័ត៌មាន Bloomberg និយាយថា OPEC+ កំពុងពិចារណាបង្កើនផលិតកម្មដ៏ធំចំនួន ៤១១.០០០បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែកក្កដា ក្នុងកិច្ចប្រជុំថ្ងៃទី០១ ខែមិថុនា ខាងមុខ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយណាមួយសម្រេចបាននៅឡើយទេ។

អ្នកវិភាគរំពឹងថា OPEC + នឹងបន្តទៅមុខជាមួយនឹងការបង្កើនកម្រិតផ្គត់ផ្គង់ ៤១១.០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែកក្កដានោះ ហើយបច្ចុប្បន្នបានព្យាករថា តម្លៃប្រេង Brent ជាមធ្យមធ្លាក់ដល់ ៥៩ដុល្លារក្នុងមួយបារ៉ែល នៅក្នុងត្រីមាសទី៤៕