អង្គការសហប្រជាជាតិ បានព្រមានអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ឡើងៗ នៅក្នុងប្រទេសស៊ូដង់ដែលហែកហួរដោយសង្គ្រាម។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយថា ការកើនឡើងនៃការប្រយុទ្ធគ្នា នៅក្នុងតំបន់ផ្សេងៗនៅទូទាំងប្រទេសស៊ូដង់ កំពុងរុញជនស៊ីវិលចេញពីផ្ទះរបស់ពួកគេ និងចូលទៅនៅក្នុងជំរំជនភៀសខ្លួន។

អ្នកនាំពាក្យរូបនេះ បានដកស្រង់សម្តីរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)ថា នៅក្នុងរដ្ឋ West Kordofan អសន្តិសុខដែលកាន់តែកើនឡើង បានបង្ខំមនុស្សជិត ៤៧.៧០០នាក់ ចេញពីទីប្រជុំជន Khiwai និង Nuhud ក្នុងខែនេះ។
លោកបានបន្តថា មនុស្សជាច្រើននាក់នេះ ត្រូវបានផ្លាស់ប្តូរទីលំនៅក្នុងប្រទេសនេះ រួចហើយ ហើយឥឡូវនេះ ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅ ជាលើកទី២។
នៅក្នុងរដ្ឋ North Darfur មនុស្សប្រហែល ១.000នាក់ ត្រូវបានជម្លៀសពីជំរំ Abu Shouk និងទីប្រជុំជន El Fasher ក្នុងសប្តាហ៍កន្លងទៅនេះ ដែលនាំឲ្យចំនួនប្រជាជនសរុបផ្លាស់ទីចេញពីកន្លែងទាំងពីរ ក្នុងខែនេះ ឡើងដល់ ៦.000នាក់។ អ្នកនាំពាក្យរូបនេះ បាននិយាយថា សរុបមក រដ្ឋNorth Darfur ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានប្រជាជនផ្លាស់ទីលំនៅច្រើនជាង ១.៧ លាននាក់។
ម្ហូបអាហារឡើងថ្លៃ កំពុងធ្វើឲ្យវិបត្តិនេះ កាន់តែធ្ងន់ធ្ងរឡើង។ លោកបាននិយាយថា អង្គការសហប្រជាជាតិ ក៏ព្រួយបារម្ភផងដែរចំពោះការកើនឡើងនៃករណីជំងឺអាសន្នរោគ នៅក្នុងតំបន់មួយចំនួន ក្នុងរដ្ឋខាទុំ (Khartoum)។