បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានមើលឃើញការនាំមុខរបស់លោកនៅក្នុងយុទ្ធនាការបោះឆ្នោតធ្លាក់មកនៅក្នុងកម្រិតដ៏ស្ដួចស្ដើងយ៉ាងឆាប់រហ័ស អំឡុងការស្ទង់មតិចុងក្រោយបង្អស់ដែលត្រូវបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ ខណៈដែលលោក Kim Moon-soo របស់គណបក្សអភិរក្សនិយម បានឡើងប្រជាប្រិយភាព បន្ទាប់ពីមានការជជែកដេញដោលតាមទូរទស្សន៍ជាលើកដំបូងរបស់ពួកលោក។
បេក្ខជនរបស់បក្សប្រឆាំង គឺគណបក្សប្រជាធិបតេយ្យ (DP) លោក Lee មានការគាំទ្រប្រហែល ៤៥ភាគរយ នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Gallup Korea ដែលត្រូវបានធ្វើឡើងពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២២ ខែឧសភា ដោយបានធ្លាក់ចុះ ៦ភាគរយ ធៀបនឹងសប្តាហ៍មុន។ ចំណែកសំឡេងគាំទ្រ ចំពោះលោក Kim របស់បក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន (PPP) បានឡើងដល់ ៣៦ភាគរយ ពោលគឺកើនចំនួន ៧ភាគរយ។ បើទោះបីជាលទ្ធផលនោះ នៅតែបានបង្ហាញថា លោក Lee មានប្រៀបក៏ដោយ ក៏លោក Kim អាចមានឱកាសទៅកាន់តែកៀកនឹងគូប្រជែងរបស់ខ្លួនបានដែរ ប្រសិនបើលោកអាចបញ្ចុះបញ្ចូលលោក Lee Jun-seok របស់គណបក្សកំណែទម្រង់ (RP) ឲ្យដកខ្លួនចេញពីការប្រកួតប្រជែង ហើយរូបលោកអាចប្រមូលបានសំឡេងគាំទ្រភាគច្រើនរបស់បេក្ខជនរូបនេះ។

ការស្ទង់មតិនេះ កើតមានឡើងបន្ទាប់ពីគូប្រកួតប្រជែង បានឡើងតទល់គ្នានៅក្នុងកម្មវិធីជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង កាលពីថ្ងៃទី១៨ ខែឧសភា។ ការស្ទង់មតិ ក៏បានឲ្យដឹងផងដែរថា មនុស្សកាន់តែច្រើន កំពុងបង្ហាញនូវការជ្រើសរើសរបស់ពួកគេ នៅពេលដែលការបោះឆ្នោតកាន់តែជិតមកដល់ ដោយចំនួននៃអ្នកបោះឆ្នោតមិនទាន់សម្រេចចិត្ត បានធ្លាក់ចុះដល់កម្រិតដែលត្រូវបានគេមើលឃើញនៅមុនការបោះឆ្នោតប្រធានាធិបតីចុងក្រោយ។
ការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍លើកទី២ ត្រូវគ្រោងធ្វើនៅល្ងាចថ្ងៃទី២៣ ខែឧសភានេះ។ ប្រជាជនកូរ៉េខាងត្បូង នឹងទៅបោះឆ្នោតនៅថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីមានអស្ថិរភាពនយោបាយរយៈពេល ៦ខែ ដែលបង្កឡើងដោយការប្រកាសច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol៕

