នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ាគីស្ថាន នឹងមិនទទួលបានទឹកពីទន្លេដែលឥណ្ឌាមានសិទ្ធិនោះទេ មួយខែបន្ទាប់ពីការវាយប្រហារដ៏សាហាវ នៅក្នុងតំបន់កាស្មៀរ(Kashmir) ដែលគ្រប់គ្រងដោយឥណ្ឌា បាននាំឲ្យទីក្រុងញូវដែលី (New Delhi) ផ្អាកកិច្ចព្រមព្រៀងចែករំលែកទឹកទន្លេដ៏សំខាន់រវាងប្រទេសជិតខាង។
ការព្យួរសន្ធិសញ្ញាដែនទឹក Indus ដែលចរចាដោយធនាគារពិភពលោក ក្នុងឆ្នាំ ១៩៦០ គឺស្ថិតក្នុងចំណោមវិធានការមួយចំនួន ដែលបានប្រកាសដោយឥណ្ឌាប្រឆាំងនឹងប៉ាគីស្ថានកាលពីខែមុន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា ដែលបានសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរហិណ្ឌូ។

ទីក្រុងញូវដែលី បាននិយាយថា ការវាយប្រហារនេះ ត្រូវបានគាំទ្រដោយប៉ាគីស្ថាន ដែលជាការចោទប្រកាន់ដែលទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធ ហើយប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ បានជាប់ពាក់ព័ន្ធក្នុងការប្រយុទ្ធគ្នាដោយយោធាដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងរយៈពេលជិត ៣ទសវត្សរ៍ មុនពេលយល់ព្រមលើបទឈប់បាញ់ នៅថ្ងៃទី ១០ ខែឧសភា។
លោក ម៉ូឌី បាននិយាយនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ នៅភាគពាយព្យនៃរដ្ឋ Rajasthan ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថានថា៖«ប៉ាគីស្ថាននឹងត្រូវផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់រាល់ការវាយប្រហារភេរវកម្ម...កងទ័ពប៉ាគីស្ថាន នឹងជួបការលំបាក ហើយសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន គ៏នឹងរងប៉ះពាល់យ៉ាងខ្លាំង។
