ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ នឹងបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅពេលដែលឥស្សរជនទាំងអស់ នឹងជួបពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំកំពូល នាថ្ងៃទី២៦ ខែឧសភា ដោយព្រមានថា ចំណាត់ការឯកតោភាគី បង្កជាបញ្ហាប្រឈមដ៏ធំ ចំពោះកំណើនសេដ្ឋកិច្ច និងស្ថិរភាព ក្នុងតំបន់។ នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលសារព័ត៌មាន AFP បានឃើញ។
ការដំឡើងអត្រាពន្ធរបស់លោក Trump បានផ្ដល់ភាពរង្គោះរង្គើដល់ទីផ្សារពិភពលោក និងរំខានដល់ពាណិជ្ជកម្មអន្តរជាតិ ហើយបានធ្វើឲ្យមេដឹកនាំមកពីប្លុកអាស៊ាន ដែលមានសមាជិក ១០ប្រទេស កំពុងប្រញាប់ប្រញាល់រកមធ្យោបាយ ដើម្បីបន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មរបស់ពួកគេ។
ប្លុកនេះក៏បានមើលឃើញផងដែរថា ខ្លួនឯងកំពុងស្ថិតក្នុងជម្លោះពាណិជ្ជកម្ម រវាងដៃគូពាណិជ្ជកម្មធំបំផុតរបស់ពួកគេ គឺសហរដ្ឋអាមេរិក និងចិន ដែលទីក្រុងវ៉ាស៊ីនតោន បានដំឡើងអត្រាពន្ធខ្ពស់បំផុត។ យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលរំពឹងថា នឹងចេញដោយថ្នាក់ដឹកនាំអាស៊ាន បន្ទាប់ពីជួបប្រជុំគ្នានៅថ្ងៃទី២៦ ខែឧសភា បានបង្ហាញថា ប្រទេសសមាជិកទាំងអស់ សម្តែង «ក្ដីបារម្ភយ៉ាងខ្លាំង ជុំវិញការដាក់វិធានការពន្ធឯកតោភាគី»។

បើយោងតាមសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលសារព័ត៌មាន AFP បានឃើញ បានលើកឡើងថា វិធានការរបស់លោក Trump «បង្កបញ្ហាប្រឈមដ៏ស្មុគស្មាញ និងគ្រប់រូបភាព ចំពោះកំណើនសេដ្ឋកិច្ច ស្ថិរភាព និងសមាហរណកម្មរបស់អាស៊ាន»។
សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងបន្ថែមថា ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងអស់ ក៏បាន «បញ្ជាក់ឡើងវិញផងដែរនូវការប្តេជ្ញាចិត្តរួមរបស់អាស៊ាន» ចំពោះប្រព័ន្ធពាណិជ្ជកម្មសេរីសកល។ បន្ទាប់ពីកិច្ចប្រជុំរបស់ប្លុកនេះ នៅថ្ងៃទី២៦ ខែឧសភា ថ្នាក់ដឹកនាំទាំងអស់ ត្រូវបើកកិច្ចប្រជុំកំពូលមួយថ្ងៃជាមួយប្រទេសចិន និងប្រទេសផលិតប្រេងមជ្ឈិមបូព៌ា។
ក្រុមអ្នកវិភាគបានលើកឡើងថា អាស៊ានដែលមានប្រទេសម៉ាឡេស៊ីធ្វើជាប្រធានប្ដូរវេន នៅឆ្នាំ២០២៥ ជាប្រពៃណីបានរក្សាជំហរអព្យាក្រឹត សម្រាប់ការប្រកួតប្រជែងអំណាចសកល ប៉ុន្តែគោលនយោបាយនោះ កំពុងស្ថិតក្រោមសម្ពាធ ដោយសារតែវិធានការគាំពារនិយមរបស់លោក Trump។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអំពាវនាវឲ្យមានផែនការសកម្មភាពរួមគ្នារបស់អាស៊ាន ដើម្បីដោះស្រាយការគំរាមកំហែងពីពន្ធគយដែលកំពុងកើនឡើង៕
