វេជ្ជបណ្ឌិតគ្មានព្រំដែន (MSF) បាននិយាយនៅថ្ងៃសុក្រនេះថា ជនភៀសខ្លួនស៊ូដង់ខាងត្បូង នៅក្នុងប្រទេសអេត្យូពី ប្រឈមនឹង «មហន្តរាយសុខភាព» ដែលជិតមកដល់នេះ ដោយលើកឡើងពីការរីករាលដាលនៃជំងឺអាសន្នរោគ និងករណីនៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
ប្រទេសស៊ូដង់ខាងត្បូង ដែលជាប្រទេសក្មេងជាងគេលើពិភពលោក បន្ទាប់ពីទទួលបានឯករាជ្យពីស៊ូដង់ក្នុងឆ្នាំ ២០១១ ត្រូវបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏ហិង្សាចន្លោះ ឆ្នាំ ២០១៣ និង ២០១៨ ដែលបានឆក់យកជីវិតមនុស្សប្រហែល ៤០០.000នាក់។

កិច្ចព្រមព្រៀងចែករំលែកអំណាចរវាងភាគីសង្រ្គាម បានផ្តល់ភាពស្ងប់ស្ងាត់ដ៏ផុយស្រួយ ប៉ុន្តែវាបានដួលរលំទាំងស្រុង ខណៈដែលការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងរវាងកងកម្លាំងសម្ព័ន្ធមិត្តជាមួយលោក ប្រធានាធិបតី Salva Kiir និងគូប្រជែងដ៏យូររបស់ខ្លួន គឺអនុប្រធានាធិបទី ១ លោក Riek Machar ដែលត្រូវបានឃុំខ្លួនក្នុងផ្ទះ កាលពីខែមីនា។
យោងតាមអង្គការ MSFបានឲ្យដឹងថា ជនភៀសខ្លួនស៊ូដង់ខាងត្បូងពី ៣៥.000នាក់ ទៅ ៨៥.000 នាក់ បានភៀសខ្លួនទៅកាន់ទីក្រុង Mattar ដែលជាទីក្រុងអេត្យូពី នៅជិតព្រំដែនជាមួយប្រទេសស៊ូដង់ខាង ត្បូង។
អង្គការក្រៅរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ត្រូវបានលាតសន្ធឹងហួសពីសមត្ថភាព» ដោយបន្ថែមថា «ជាមួយនឹងការកើតឡើងវិញនៃជំងឺដែលឆ្លងតាមទឹក ដូចជាជំងឺអាសន្នរោគ និងជំងឺរាគរូសអស់ជាតិទឹកយ៉ាងធ្ងន់ធ្ងរ ហានិភ័យនៃគ្រោះមហន្តរាយសុខភាព គឺជិតមកដល់ហើយ»។
