សហជីពកម្មករអណ្តូងរ៉ែជាតិ (NUM) របស់ប្រទេសអាហ្រ្វិកខាងត្បូង នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានឲ្យដឹងថា ខ្លួនបានទទួលសេចក្ដីរាយការណ៍ អំពីកម្មករជិត ៣០០នាក់ ដែលជាប់នៅក្រោមដី ក្នុងអណ្តូងរ៉ែមួយ ក្បែរទីក្រុង Johannesburg។
អ្នកនាំពាក្យរបស់ NUM បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងមាននូវរបាយការណ៍ ដែលថា កម្មករប្រមាណជាជិត ៣០០នាក់ កំពុងជាប់នៅក្រោមដី ក្នុងអណ្តូងរ៉ែ Kloof លេខ៧។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០យប់ (ម៉ោងក្នុងស្រុក) ម្សិលមិញ»។

ក្រុមហ៊ុនរុករករ៉ែ Sibanye Stillwater របស់ប្រទេសអាហ្វ្រិកខាងត្បូង បានប្រាប់នៅថ្ងៃសុក្រនេះថា កិច្ចប្រឹងប្រែងជួយសង្គ្រោះ កំពុងដំណើរការទៅ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Sibanye បាននិយាយថា៖ «យើងអាចបញ្ជាក់បានថា យើងមានឧប្បត្តិហេតុមួយ នៅឯអណ្ដូង Kloof លេខ៧ ហើយយើងកំពុងធ្វើការយ៉ាងមមាញឹកដើម្បីផ្ដល់សុវត្ថិភាព និងតាមនីតិវិធីរបស់អណ្ដូងរ៉ែ ដែលបន្ទាប់មកយើងនឹងនាំបុគ្គលិកទាំងនោះមកខាងលើ»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កម្មករទាំងអស់មានសុវត្ថិភាព និងត្រូវបានទាក់ទងជាប់ជានិច្ច ហើយក្រុមហ៊ុនកំពុងផ្តល់អាហារដល់ពួកគេ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «យើងរំពឹងថា ស្ថានការណ៍នឹងត្រូវបានដោះស្រាយបាននៅថ្ងៃនេះ»៕
