បាល់ទាត់៖ ក្លិបអ៊ីតាលី Inter Milan ត្រូវបានគេដឹងថា គ្រោងនឹងបញ្ចប់កិច្ចសន្យាជាមួយខ្សែបម្រើដាណឺម៉ាក Christian Eriksen ហើយ។ កីឡាករជំរើសជាតិដាណឺម៉ាករូបនេះមិនដែលបានចូលលេងឡើយ តាំងពីដួលសន្លប់អំឡុងការប្រកួតទល់នឹងហ្វាំងឡង់នៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប Euro 2020 កាលពីខែមិថុនា។
មុននេះដែរ Christian Eriksen បានចាប់ផ្តើមហ្វឹកហាត់បន្តិចៗមកវិញដោយខ្លួនឯង ដែលជាការរៀបចំដោយក្លិបបាល់ទាត់ Odense Boldklub នៅប្រទេសដាណឺម៉ាក។ មកទល់ពេលនេះមិនទាន់មានដំណឹងណាមួយឡើយថា អតីតខ្សែបម្រើ Spurs រូបនេះនឹងបន្តអាជីពជាកីឡាករបាល់ទាត់ទៀតរឺអត់នៅឡើយ។ យ៉ាងណាក្តីបើទោះជាកីឡាករវ័យ ២៩ឆ្នាំរូបនេះចង់បន្តអាជីពក៏ដោយគឺមិនអាចឡើយនៅក្របខណ្ឌអ៊ីតាលី លុះត្រាឧបករណ៍ជំនួយបេះដូងត្រូវបានដកចេញពីក្នុងខ្លួន។ ក្លិបអ៊ីតាលី Inter Milan ត្រូវបានគេដឹងថាកំពុងធ្វើការជាមួយ Christian Eriksen ដើម្បីព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យា។ រំលឹកថា Christian Eriksen បានផ្ទេរពី Tottenham Hotspur មកកាន់ Inter Milan កាលពីខែមករាឆ្នាំ២០២០ ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំកន្លះ៕
អត្ថបទ៖នាង សុភាវុធ