នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋនៅខេត្តភាគខាងត្បូង Sindh របស់ប៉ាគីស្ថាន ទទួលរងអាកាសធាតុក្តៅខ្លាំង ពេលដែលសីតុណ្ហភាពកើនឡើងរហូតដល់ទៅ ៥០អង្សាសេនៅតាមតំបន់មួយចំនួន ។ នេះបើយោងតាមការអះអាងរបស់ការិយាល័យឧតុនិយមប៉ាគីស្ថាន ។
ការប្រកាសអាសន្នពីរលកកម្តៅ ត្រូវបានចេញ ក្នុងនោះការិយាល័យឧតុនិយមប៉ាគីស្ថាននិយាយថា សីតុណ្ហភាពនៅពេលថ្ងៃទំនងជាកើនឡើង ៤-៦អង្សាសេពីលើកម្រិតធម្មតានៅខេត្ត Sindh ក៏ដូចជាខេត្ត Punjab និងខេត្ត Balochistan រហូតដល់ថ្ងៃសៅរ៍ស្អែក ។
ការិយាល័យឧតុនិយម បានណែនាំផងដែរដល់ប្រជាពលរដ្ឋឲ្យចៀសវាងការត្រូវកម្តៅថ្ងៃផ្ទាល់ និងបន្តឲ្យមានជាតិទឹកក្នុងខ្លួន ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Hyderabad ដែលជាទីក្រុងធំបំផុតទី ២របស់ខេត្ត Sindh បន្ទាប់ពីទីក្រុង Karachi និយាយថា អាកាសធាតុក្តៅខ្លាំងនេះ បណ្តាលឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីញឹកញាប់ ធ្វើឲ្យជីវិតរស់នៅរបស់ពួកគេវេទនាខ្លាំង ។
ប្រជាពលរដ្ឋប៉ាគីស្ថានរាប់លាននាក់ រងផលប៉ះពាល់ដោយសារការដាច់ភ្លើងដោយអន្លើរស្ទើរតែរាល់ថ្ងៃ រួមទាំងការកាត់ផ្តាច់ ដើម្បីបន្ធូរបន្ថយបន្ទុកអគ្គិសនីផងដែរ ។
នៅដើមសប្តាហ៍នេះ ការិយាល័យឧតុនិយមប៉ាគីស្ថាន បានចេញសេចក្តីប្រកាសអាសន្នរលកកម្តៅ ដោយពួកគេបញ្ជាក់ថា សីតុណ្ហភាពនឹងកើនឡើងចំនួន ៤-៦អង្សាសេ លើសពីកម្រិតធម្មតានៅខេត្ត Sindh, Punjab និងខេត្ត Balochistan ចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃសៅរ៍ ។
សូមបញ្ជាក់ថា ប៉ាគីស្ថាននឹងជួបរដូវក្តៅរយៈពេលយូរ និងក្តៅខ្លាំង ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេស ៕