រដ្ឋមន្រ្តីថាមពលទួរគីលោក Alparslan Bayraktar និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទួរគីនឹងផ្តល់ឧស្ម័នធម្មជាតិចំនួន ២ពាន់លានម៉ែត្រគូបដល់ប្រទេសស៊ីរីជារៀងរាល់ឆ្នាំ ។
នៅក្នុងសន្នសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ីរីនៅទីក្រុងដាម៉ាស លោក Bayraktar និយាយថា ការនាំចេញឧស្ម័នធម្មជាតិរបស់ទួរគីទៅកាន់ប្រទេសស៊ីរី នឹងរួមចំណែកដល់ការផលិតអគ្គិសនី ១.៣០០មេហ្កាវ៉ាត់នៅក្នុងប្រទេសមួយនេះ ។
ទីក្រុងអង់ការ៉ាដែលគាំទ្រកងកម្លាំងឧទ្ទាមនៅប្រទេសជិតខាងស៊ីរីពេញមួយសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំដែលបានបញ្ចប់ទៅជាមួយការផ្តួលរំលំរបបលោក Bashar al-Assadនោះ បច្ចុប្បន្នដើរតួរយ៉ាងសំខាន់ក្នុងការកសាងប្រទេសស៊ីរីឡើងវិញ ។
លោក Bayraktarបន្តថា ទួរគី នឹងផ្តល់អគ្គិសនី ១ពាន់មេហ្គាវ៉ាត់បន្ថែមទៀតដល់ប្រទេសស៊ីរីសម្រាប់តម្រូវការរយៈពេលខ្លី ។
ដោយឡែក រដ្ឋមន្រ្តីថាមពលស៊ីរីលោក Mohammed al-Bashir និយាយថា ពួកគេបានឯកភាពគ្នាលើការដាក់ឲ្យដំណើរការឡើងវិញបំពង់បង្ហូរឧស្ម័នដែលតភ្ជាប់ស៊ីរីជាមួយទួរគី ក្នុងនោះការបង្ហូរឧស្ម័នត្រូវបានគេរំពឹងថានឹងកើតមានក្នុងខែមិថុនា ។
លោក al-Bashir និយាយថា នេះនឹងជំរុញការផលិតអគ្គិសនីដែលនឹងផ្តល់ផលវិជ្ជមានដល់តម្រូវការអគ្គិសនីរបស់ប្រជាពលរដ្ឋស៊ីរី ៕