អ៊ីស្រាអែលបានអនុញ្ញាតឲ្យរថយន្តដឹកម៉្សៅ អាហារទារក និងគ្រឿងផ្គត់ផ្គង់ចំបាច់ផ្សេងទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការឈានដល់តម្រូវការចាំបាច់បណ្តាលមកពីការបិទច្រករយៈពេល ១១សប្តាហ៍របស់ពួកគេ ខណៈដែលអ៊ីស្រាអែលរងសំពាធកើនឡើងពីអន្តរជាតិ ហើយក្រុមអ្នកជំនាញព្រមានពីគ្រោះទុរ្ភិក្សជិតកើតឡើង ។
រដ្ឋមន្រ្តីសុខាភិបាលប៉ាឡេស្ទីនលោក Majed Abu Ramadan និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កុមារ និងមនុស្សចាស់ ២៩នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅតំបន់ហ្កាហ្សា ។
លោក Majed និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ពួកយើងបាត់បង់អាយុជីវិតកុមារ ទារក និងមនុស្សចាស់ចំនួន ២៩នាក់ ហើយពួកគេបានស្លាប់ដោយសារភាពអត់ឃ្លាន ។
គួរឲ្យដឹងថា អ៊ីស្រាអែលបានបិទការចូលឱសថ ស្បៀងអាហារ និងការផ្គត់ផ្គង់ប្រេងចូលទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីដើមខែមីនារហូតមក ជំរុញឲ្យក្រុមអ្នកជំនាញអន្តរជាតិ ព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្សនៅក្នុងដែនដីមួយនេះ ដែលមានជនប៉ាឡេស្ទីន ២,៣លាននាក់ មុនសង្រ្គាមផ្ទុះឡើង ។
អ៊ីស្រាអែលបាននិយាយថា ពួកគេបានអនុញ្ញាតឲ្យរថយន្ត ១០០គ្រឿងចូលទៅក្នុងដែនដីមួយនេះ កាលពីថ្ងៃពុធ រយៈពេល ២ថ្ងៃ ក្រោយពួកគេប្រកាសការបន្ធូរបន្ថយការបិទជំនួយលើកដំបូងរបស់ខ្លួន ។
ហាងនំនៅទីក្រុង Deir al-Balah គាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បានចាប់ផ្តើមដំណើរការឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ក្រោយទទួលបានម៉្សៅ ។
ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក និយាយថា ពេលជំនួយដំបូងមកដល់ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៣៥នាក់នៅទូទាំងតំបន់មួយនេះ កាលពីថ្ងៃព្រហស្បតិ៍ ៕