មន្ត្រីរបស់ក្រុមហាម៉ាស នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៦នាក់ ដែលជួយយាមរថយន្តជំនួយពីការលួច ដោយគូសបញ្ជាក់ពីបញ្ហាដែលរារាំងដល់ការផ្គត់ផ្គង់មិនឲ្យបានទៅដល់ប្រជាជនដែលស្រេកឃ្លាននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីមានការរាំងខ្ទប់យ៉ាងយូររយៈពេល ១១សប្តាហ៍របស់អ៊ីស្រាអែល ។
យោធាអ៊ីស្រាអែលបានលើកគឡើងថា រថយន្តចំនួន ១០៧គ្រឿងដែលដឹកម្សៅ និងគ្រឿងឧបភោគបរិភោគផ្សេងទៀត ក៏ដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត បានចូលទៅតំបន់ហ្កាហ្សាស្ទ្រីប ពីចំណុចឆ្លងកាត់ Kerem Shalom កាលពីថ្ងៃទី២២ ឧសភា។ ប៉ុន្តែការផ្ដល់ការផ្គត់ផ្គង់ដល់ប្រជាជនដែលស្នាក់នៅក្នុងតង់ និងកន្លែងស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត គឺមានកម្រិតល្មមៗប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ បណ្តាញឆ័ត្រការពារនៃក្រុមផ្តល់ជំនួយប៉ាឡេស្ទីន បានឲ្យដឹងថា រថយន្តជំនួយចំនួន ១១៩គ្រឿង បានចូលទៅតំបន់ក្នុងហ្កាហ្សា គិតចាប់តាំងពីអ៊ីស្រាអែលបានបន្ធូរបន្ថយការរាំងខ្ទប់របស់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា នៅចំពោះមុខការតវ៉ាជាអន្តរជាតិ។ បណ្តាញនេះបាននិយាយថា ប៉ុន្តែការចែកចាយត្រូវបានរំខានដោយការលួច ពីសំណាក់ក្រុមបុរសដែលខ្លះមានអាវុធ នៅជិតទីក្រុង Khan Younis។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលក៏បានថ្កោលទោសផងដែរ ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្រុមសន្តិសុខយាមរថយន្តដឹកទំនិញ បណ្តាញនេះបានឲ្យដឹងថា៖ «ពួកគេបានលួចអាហារសម្រាប់ក្មេងៗ និងគ្រួសារដែលជួបនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ»។
មន្ត្រីក្រុមហាម៉ាសបានបញ្ជាក់ថា សមាជិក ៦នាក់នៃក្រុមសន្តិសុខដែលមានភារកិច្ចយាមការដឹកជញ្ជូន ត្រូវបានសម្លាប់។ ពាក់ព័ន្ធនឹងការលើកឡើងនេះ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនោះឡើយពីយោធាអ៊ីស្រាអែល៕