ការផ្ទុះអាវុធរវាងកងកម្លាំងសន្តិសុខឥណ្ឌា និងក្រុមជីវពលសង្ស័យនៅស្រុក Kishtwar ស្ថិតក្នុងដែនដីចាមមូ និងកាស្មៀរ បានសម្លាប់ទាហានម្នាក់ ។
កងទ័ពឥណ្ឌា និយាយនៅលើបណ្តាញព័ត៌មានសង្គម X ទាហានបន្ថែមទៀតត្រូវបានដាក់ពង្រាយ ហើយប្រតិបត្តិការនៅតែបន្ត ដើម្បីតាមសម្លាប់ក្រុមភេរវករ ។
នៅថ្ងៃសុក្រនេះដែរ កងទ័ពឥណ្ឌា បានរៀបចំពិធីកាន់ទុក្ខដល់ទាហានដែលត្រូវបានសម្លាប់នៅដែនដីចាមមូ ។
ការផ្ទុះអាវុធនេះ បានកើតមានឡើង ស្របពេលឥណ្ឌាបង្កើនសន្តិសុខ និងការប្រុងប្រយ័ត្នខ្ពស់ នៅតាមតំបន់ព្រំដែន ជាពិសេសនៅតំបន់កាស្មៀរ ក្រោយការផ្ទុះអាវុធជាមួយប៉ាគីស្ថាន ។
សូមបញ្ជាក់ថា ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរជិតខាងទាំង ២ បានបាញ់មីស៊ីល និងយានដ្រូនលើគោលដៅយោធាគ្នាទៅវិញទៅមក ក្រោយឥណ្ឌានិយាយថា ពួកគេបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃទី ៧ ខែឧសភា ជាការសងសឹកនឹងការវាយប្រហារសម្លាប់ភ្ញៀវទេសចរហិណ្ឌូ ២៦នាក់នៅតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ៕