តម្លៃសត្វមាន់នៅក្នុងប្រទេសឈីលី បានហក់ឡើងខ្ពស់ បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលផ្អាកការនាំចូលបសុបក្សីពីប្រទេសប្រេស៊ីល ដោយសារការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សី ។
ឈ្មួញ និងអាជីវករនៅផ្សារលក់ចំណីអាហារ Vega Central ស្ថិតក្នុងទីក្រុង Santiago បានរងផលប៉ះពាល់ដោយសារការផ្អាកការនាំចូលនេះ ។
លោក Luis Leon គឺជាអ្នកចែកចាយសាច់ និងបសុបក្សីនៅផ្សារមួយនេះ បញ្ជាក់ពីការកើនឡើងតម្លៃសត្វមាន់ ។
លោក Leon និយាយថា ពួកយើងបានដំឡើងថ្លៃសត្វមាន់កាលពីថ្ងៃពុធ ហើយពួកយើងមិនដឹងនោះទេថាតើនឹងមានអ្វីកើតឡើងទៀតនៅពេលខាងមុខ ។
គួរឲ្យដឹងថា ប្រទេសឈីលី បានប្រកាសផ្អាកការនាំចូលបសុបក្សីកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រោយប្រទេសប្រេស៊ីលរាយការណ៍ករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី ។
ការប្រកាសបែបនេះ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់បសុបក្សីរបស់ឈីលី ស្របពេលប្រេស៊ីលស្មើនឹងការនាំចូលសត្វមាន់ ៧២ភាគរយរបស់ប្រទេសឈីលី ក្នុងនោះសហរដ្ឋអាមេរិក មានចំនួន ២៥ភាគរយ ។
បើទោះបីជាមានក្តីកង្វល់ទីផ្សារយ៉ាងណាក្តី រដ្ឋមន្រ្តីក្រសួងកសិកម្មឈីលីលោក Esteban Valenzuela បានបន្ទាបលទ្ធភាពនៃការហក់ឡើងខ្ពស់តម្លៃបសុបក្សី ដោយលោកប្រកាសថា កិច្ចចរចាជាមួយប្រេស៊ីល បានចាប់ផ្តើមឡើងហើយ ។
លោក Valenzuela បញ្ជាក់ថា ពួកយើងសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្រេស៊ីល នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីអនុញ្ញាតឲ្យមានពាណិជ្ជកម្មសត្វមាន់ពីប្រេស៊ីល បន្តជួយដល់តម្លាភាពទីផ្សារ ការផ្គត់ផ្គង់ និងធានាដល់សន្តិសុខស្បៀង ដូចដែលបានស្នើសុំដោយប្រធានាធិបតី ៕