ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (ទី២៣ ខែឧសភា) នេះ បានទាមទារឲ្យក្រុមហ៊ុន Apple ផលិតទូរសព្ទ iPhone របស់ខ្លួន នៅសហរដ្ឋអាមេរិក ឬបើមិនដូច្នោះទេ ត្រូវប្រឈមជាមួយអាត្រាពន្ធ ២៥ភាគរយ។
លោក Trump បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃសុក្រនេះថា៖ «ខ្ញុំបានជូនដំណឹងដល់លោក Tim Cook របស់ក្រុមហ៊ុន Apple ជាយូរមកហើយថា ខ្ញុំរំពឹងថា ទូរសព្ទ iPhone របស់ពួកគេ ដែលនឹងត្រូវលក់នៅសហរដ្ឋអាមេរិក នឹងត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក មិនមែននៅឥណ្ឌា ឬកន្លែងផ្សេងនោះឡើយ។ប្រសិនបើមិនដូច្នោះទេ ពន្ធយ៉ាងហោចណាស់ ២៥ភាគរយ ត្រូវតែបង់ដោយ Apple ពេលនាំចូលមកសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅមជ្ឈិមបូព៌ា លោក Trump បានលើកឡើងថា លោកមិនពេញចិត្តនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple គឺលោក Cook ជុំវិញផែនការរបស់ក្រុមហ៊ុន ក្នុងការផលិតទូរសព្ទ iPhone ដែលគ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិក នៅឯរោងចក្រទើបសាងសង់ថ្មី ក្នុងប្រទេសឥណ្ឌា។
មន្ត្រីរដ្ឋបាលម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា លោក Cook បានជួបជាមួយលោក Trump ម្តងទៀត នៅសេតវិមាន កាលពីថ្ងៃអង្គារ។ តែមន្ត្រីរូបនេះមិនបានបញ្ជាក់ពីប្រធានបទនៃជំនួបនោះទេ។ ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗនោះលើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Trump៕