ក្រោយជម្លៀសខ្លួនពីភូមិដ្ឋានរបស់ពួកគេដោយសារការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាមនៅរដ្ឋភាគឦសាន Borno របស់នីហ្សេរីយ៉ាក្នុងខែនេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារចាប់ផ្តើមវិលត្រឡប់មកាន់ផ្ទះសម្បែងរបស់ពួកគេវិញហើយ ក្រោមការការពារពីយោធា ។
អភិបាលរដ្ឋ Borno លោក Babagana Zulum និយាយថា ពលរដ្ឋដែលជម្លៀសខ្លួនរស់នៅក្នុងជំរំនៅទីក្រុង Dikwa បានក្លាយជាការគំរាមធំ ដោយសារយុវជន ងាយរងគ្រោះនៃការជ្រើសរើសដោយក្រុមបះបោរ ។
គួរឲ្យដឹងថា មនុស្សយ៉ាងហោច ២ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីទីក្រុង Marte ទៅកាន់ទីក្រុង Dikwa កាលពីថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីការកើនឡើងការវាយប្រហាររបស់ក្រុមជីវពលអ៊ិស្លាមនៅរដ្ឋ Borno ពោលគឺរយៈពេល ៤ឆ្នាំក្រោយប្រជាពលរដ្ឋវិលត្រឡប់មកកាន់ទីក្រុងរបស់ពួកគេវិញដែលធ្លាប់គ្រប់គ្រងដោយក្រុមបះបោរ ។ ទីក្រុង Marte ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសកាមរូន ។
រដ្ឋ Borno បានមើលឃើញការហក់ឡើងខ្ពស់ការវាយប្រហាររបស់ក្រុមឧទ្ទាមសង្ស័យ Boko Haram និងក្រុមអ៊ិស្លាម ISWAP នៅក្នុងឆ្នាំនេះ ជាហេតុធ្វើឲ្យកើតមានក្តីបារម្ភថា ក្រុមជីវពលនឹងណ្តើមកាន់តំបន់មួយចំនួនឡើងវិញ ក្រោយរយៈពេលច្រើនឆ្នាំនៃការវាយប្រហាររបស់យោធានីហ្សេរីយ៉ា ៕