ក្រុមអ្នកវិទ្យាសាស្រ្តរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេរំពឹងថានឹងមានរដូវកាលព្យុះកំណាចលើសកម្រិតធម្មតាក្នុងឆ្នាំ ២០២៥ ធ្វើឲ្យមានព្យុះសង្ឃរាធំៗចន្លោះពី ៣-៥លើក ជាមួយនឹងសន្ទុះខ្យល់បក់យ៉ាងហោច ១៧៩គ.មក្នុង ១ម៉ោង ។
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា រដូវកាលព្យុះកំណាចអាត្លង់ទិក ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា ត្រូវបានគេព្យាករថា នឹងបង្កឲ្យមានព្យុះត្រូពិកចន្លោះពី ១៣-១៩លើកជាមួយសន្ទុះខ្យល់បក់យ៉ាងហោច ៦៣គ.មក្នុង ១ម៉ោង ។
នៅក្នុងចំណោមព្យុះទាំងនោះ ព្យុះ ៦-១០លើកត្រូវបានគេព្យាករថានឹងក្លាយជាព្យុះសង្ឃរាជាមួយកម្លាំងខ្យល់បក់យ៉ាងហោច ១២០គ.មក្នុង ១ម៉ោង ។
លោក Ken Graham គឺជាប្រធានសេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិកនិយាយថា សីតុណ្ហភាពផ្ទៃសមុទ្រក្តៅជាងមុន ប្រហែលជាកត្តារួមចំណែកសំខាន់នាំឲ្យកើតមានព្យុះកំណាចនេះ ។
ក្រុមអ្នកព្យាករណ៍ឧតុនិយមឯកទេស និងឯកជន បានបង្ហាញទស្សនវិស័យស្រដៀងគ្នាសម្រាប់រដូវកាលព្យុះកំណាច ដែលបន្តរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ។
សូមបញ្ជាក់ថា ចន្លោះឆ្នាំ ១៩៩១ និងឆ្នាំ ២០២០ មានព្យុះត្រូពិកជាមធ្យមប្រហែល ១៤លើកជារៀងរាល់ឆ្នាំនៅសមុទ្រអាត្លង់ទិក រួមទាំងព្យុះកំណាចប្រហែល ៣លើកនៅក្នុងចំណោមព្យុះសង្ឃរាប្រហែល ៧លើក ។
ក្រុមឧតុនិយមមកពីសាកលវិទ្យាល័យរដ្ឋ Colorado និយាយកាលពីដើមខែមេសាថា រដូវកាលព្យុះកំណាចនៅឆ្នាំ ២០២៥នៅទូទាំងតំបន់បាសាំងអាត្លង់ទិកនឹងមានចំនួនលើសកម្រិតមធ្យម ជាមួយនឹងព្យុះត្រូពិក ១៧លើក រួមទាំងព្យះសង្ឃរា ៩លើក ក្នុងនោះព្យុះចំនួន ៤ គឺជាព្យុះកំណាច ៕