ភ្នំពេញ ÷ កងទ័ពជើងទឹកកម្ពុជា និងចិន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះបានធ្វើពិធីសាកល្បង សមយុទ្ធដែលមានឈ្មោះថា«នាគមាសឆ្នាំ២០២៥» នៅលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ខណៈសកម្មភាពនេះបានប្រើប្រាស់នាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង។
សូមបញ្ជាក់ថាកងទ័ពជើងទឹកកម្ពុជា និងចិន បានកំពុងធ្វើសមយុទ្ធរួមគ្នាដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះលើប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារ សង្រ្គោះមនុស្សធម៌» នៅដែនទឹកអធិបតេយ្យភាពរបស់កម្ពុជា ស្ថិតនៅក្នុងចន្លោះកោះរ៉ុង និងកោះតាង ខេត្តព្រះសីហនុ ដោយនាវិកកម្ពុជាប្រើប្រាស់នាវាចំនួន១២គ្រឿង,ឧទ្ធម្ភាគចក្រចំនួន៤គ្រឿង រួមទាំងសម្ភារៈ និងសព្វាវុធជាច្រើនទៀត ខណៈភាគីចិនប្រើប្រាស់នាវាខ្នាតធំចំនួន៣គ្រឿង ឧទ្ធម្ភាគចក្រ២គ្រឿង រួមទាំងឧបករណ៍ស៊ើបការណ៍ និងអាវុធធន់ស្រាល និងធ្ងន់ជាច្រើនទៀត។
នៅព្រឹកថ្ងៃនេះភាគីទាំងពីរបាន ធ្វើពិធីបិទសាកល្បងជាលក្ខណៈទ្រង់ទ្រាយធំ ដោយការធ្វើនេះ គឺផ្តោតសំខាន់លើការបង្រាបទបល្មើសលើសាឡង់ លើផ្ទៃសមុទ្រ និងសង្រោះមនុស្សធម៍, កងប្រតិបត្តិរុករក និងសង្រ្គោះ៧០៨បង្រាបភេរវកម្ម និងរំដោះចំណាប់ខ្មាំងជាដើម។
ទាក់ទងនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹក«នាគមាសឆ្នាំ២០២៥»នេះដែរ បញ្ជាការដ្ឋានកងទ័ព ជើងទឹក ក៏ដូចជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខសម្ហសមុទ្រ ក៏បានចេញសេចក្តីជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនប្រជានេសាទ ភ្ញៀវជាតិ និងអន្តរជាតិ កុំឲ្យធ្វើចរាចរណ៍ ឬ ក៏ធ្វើសកម្មភាពនានាជុំវិញតំបន់សមយុទ្ធខាងលើ និងកុំមានការភាន់ច្រឡំពេលឮសំឡេងកាំភ្លើង រួមជា មួយការចល័តកងទ័ព នាវាចម្បាំលើផ្ទៃសមុទ្រ និងយន្តចម្បាំងហោះនៅលើអាកាសតាមពេលវេលាខាង លើនាថ្ងៃទី២៣ និងថ្ងៃទី២៦នេះផងដែរ៕
អត្ថបទ ÷ បាន ចក់











