
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដោះលែងអ្នកទោសចំនួន៣៩០នាក់ម្ខាងៗកាលពីថ្ងៃសុក្រ ជាផ្នែកមួយនៃអ្វីដែលត្រូវបានគេរំពឹងថាជាការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំបំផុតនៃសង្រ្គាមរយៈពេល៣ឆ្នាំមកនេះ។ កិច្ចព្រមព្រៀងដោះដូរឈ្លើយសឹក១.០០០នាក់ពីភាគីម្ខាងៗគឺជាជំហានជាក់ស្តែងតែមួយគត់ឆ្ពោះទៅរកសន្តិភាពដែលលេចឡើងកាលពីសប្តាហ៍មុនពីការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។
ភាគីទាំងពីរបាននិយាយថា ពួកគេបានដោះលែងទាហាន ២៧០នាក់ និងជនស៊ីវិល ១២០នាក់ ដោយជាច្រើននាក់បន្ថែមទៀតនឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នៅឯកិច្ចចរចាក្នុងទីក្រុងអ៊ីស្តង់ប៊ុល ភាគីទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។
ជុំវិញការដោះដូរឈ្លើយសឹកនេះ លោក Trump បានសរសេរនៅលើ បណ្តាញ Truth Social ថា «សូម អបអរដល់ភាគីទាំងពីរចំពោះការចរចានេះ។ នេះអាចនាំទៅរកអ្វីដែលកាន់តែធំជាងនេះ។

ទាហានរាប់សែននាក់ត្រូវបានគេជឿថាបានរងរបួស ឬស្លាប់ នៅក្នុងសង្រ្គាមដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ជនស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់ក៏បានស្លាប់ ខណៈកងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុងនានារបស់អ៊ុយក្រែន។ អ៊ុយក្រែននិយាយថាខ្លួនត្រៀមសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃភ្លាមៗ។
រុស្ស៊ីដែលបានចាប់ផ្តើមសង្រ្គាមដោយការឈ្លានពានលើប្រទេសជិតខាងខ្លួននៅឆ្នាំ២០២២ ហើយបច្ចុប្បន្ននេះកាន់កាប់ប្រហែលមួយភាគប្រាំនៅអ៊ុយក្រែន និយាយថា ខ្លួននឹងមិនផ្អាកការវាយលុកទេ រហូតដល់លក្ខខណ្ឌនានាត្រូវបានបំពេញជាមុនសិន។