
ក្រុមអ្នកចរចារបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់ការចរចាជុំទីប្រាំ កាលពីថ្ងៃសុក្រ ទី២៣ ឧសភា ដោយអ្នកសម្របសម្រួលប្រទេសអូម៉ង់បាននិយាយថាមានវឌ្ឍនភាពតិចតួចក្នុងការចរចាដែលមានគោលបំណងដោះស្រាយជម្លោះយូរអង្វែងជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
ប្រភពស្និទ្ធទៅនឹងក្រុមប្រទេសអ៊ីរ៉ង់បានប្រាប់សារព័តត៌មានរ៉យទ័រថា ភាគីទាំងពីរនឹងជួបគ្នាម្តងទៀត។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីគណៈប្រតិភូអាមេរិកក្នុងកិច្ចប្រជុំ កាលពីថ្ងៃសុក្រក្នុងទីក្រុងរ៉ូម នោះទេ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា មានសក្ដានុពលសម្រាប់វឌ្ឍនភាពក្នុងការចរចា បន្ទាប់ពីប្រទេសអូម៉ង់ បានធ្វើសំណើជាច្រើន ប៉ុន្តែកិច្ចពិភាក្សាមានភាពស្មុគស្មាញ ហើយត្រូវការការពិភាក្សាបន្ថែមទៀត។ លោក Araqchi បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា «យើងទើបតែបានបញ្ចប់ជុំមួយនៃការចរចាប្រកបដោយវិជ្ជាជីវៈបំផុត»។
លោកប្រធានាធិបតី Donald Trump មានបំណងកាត់បន្ថយសក្តានុពលរបស់ទីក្រុងតេអេរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ដែលអាចបង្កឱ្យមានការប្រជែងអាវុធនុយក្លេអ៊ែរក្នុងតំបន់ ហើយប្រហែលជាគំរាមកំហែងដល់អ៊ីស្រាអែល។ សម្រាប់ផ្នែករបស់ខ្លួន សាធារណរដ្ឋឥស្លាមមួយនេះ មានបំណងចង់ឲ្យលុបបំបាត់ទណ្ឌកម្មដ៏មហន្តរាយលើសេដ្ឋកិច្ចដែលផ្អែកលើប្រេងរបស់ខ្លួន។