តុលាការតំបន់សហរដ្ឋអាមេរិក បានរារាំងបណ្តោះអាសន្ននូវបំណងរបស់រដ្ឋបាល លោក Trump ក្នុងការរារាំងនិស្សិតអន្តរជាតិមិនឱ្យចូលរៀននៅសកលវិទ្យាល័យ Harvard ។ តុលាការបានចេញសេចក្តីបង្គាប់កាលពីថ្ងៃសុក្រ ដោយនិយាយថា សាកលវិទ្យាល័យ Harvard នឹង «រងគ្រោះភ្លាមៗ និងមិនអាចត្រៀមលក្ខណៈបាន» មុនពេលសវនាការពីគ្រប់ភាគីទាំងអស់។
សាកលវិទ្យាល័យ បានដាក់ពាក្យប្តឹងរដ្ឋបាល លោក Trump បន្ទាប់ពីក្រសួងសន្តិសុខមាតុភូមិ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួននឹងរារាំងនិស្សិតអន្តរជាតិមិនឲ្យចុះឈ្មោះ។ ក្រសួងនេះ បានចោទប្រកាន់សាកលវិទ្យាល័យ Harvard ថាបានជំរុញឱ្យមានអំពើហិង្សា និងការប្រឆាំងជ្វីហ្វនិយមនៅក្នុងបរិវេណសាកលវិទ្យាល័យ។
សាកលវិទ្យាល័យ បានចាត់ទុកចំណាត់ការនេះថា«មិនស្របច្បាប់» ហើយបានដាក់ពាក្យសុំសេចក្តីបង្គាត់ហាមឃាត់បណ្តោះអាសន្ន។ ប្រធានសាកលវិទ្យាល័យ Harvard លោក Alan Garber បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា រដ្ឋបាល លោក Trump កំពុងប្រឆាំងនឹងសាកលវិទ្យាល័យ Harvard ព្រោះតែមិនព្រមបោះបង់ចោលការសិក្សាតាមលក្ខណៈឯករាជ្យរបស់ខ្លួន។
លោកបាននិយាយបន្ថែមថា សាកលវិទ្យាល័យ នឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់ខ្លួនដើម្បីគាំទ្រនិស្សិត និងអ្នកសិក្សា។ សាកលវិទ្យាល័យ Harvard បានដាក់ពាក្យប្តឹងកាលពីខែមេសា ដើម្បីបញ្ឈប់រដ្ឋបាលរបស់លោក Trump ពីការបង្កកជំនួយរបស់សហព័ន្ធដោយផ្នែក។