ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Nasser និងមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា បានត្អូញត្អែរ ពីភាពចង្អៀតណែន និងកង្វះការផ្គត់ផ្គង់សម្រាប់ព្យាបាលអ្នកជំងឺ ខណៈកងទ័ពអ៊ីស្រាអែលបង្កើនការវាយលុករបស់ខ្លួននៅភាគខាងជើង តំបន់ហ្កាហ្សា។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា ស្ថិតក្នុងចំណុចបំបែក ខណៈប្រតិបត្តិការរបស់យោធាអ៊ីស្រាអែលនៅតែបន្តកាន់តែខ្លាំងឡើង ក្នុងពេលមានការជម្លៀសប្រជាជនទ្រង់ទ្រាយធំ និងកង្វះសម្ភារៈចាំបាច់ជាមូលដ្ឋាន។
មន្ទីរពេទ្យធំៗចំនួនបួននៅតំបន់ហ្កាហ្សាត្រូវផ្អាកសេវាវេជ្ជសាស្រ្តកាលពីសប្តាហ៍មុន ហើយបេសកកម្មរបស់អង្គការសុខភាពពិភពលោកដែលប៉ុនប៉ងទៅដល់មន្ទីរពេទ្យ Al-Awda និងមន្ទីរពេទ្យឥណ្ឌូនេស៊ី ត្រូវបានរារាំង។
អង្គការសុខភាពពិភពលោកនិយាយថា មានតែមន្ទីរពេទ្យចំនួន១៩កន្លែងប៉ុណ្ណោះក្នុងចំណោមមន្ទីរពេទ្យចំនួន៣៦កន្លែង ក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅតែដំណើរការ ខណៈយ៉ាងហោចណាស់៩៤% នៃមន្ទីរពេទ្យទាំងអស់ត្រូវបានខូចខាត ឬត្រូវបានបំផ្លាញ។