នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃសៅរ៍ ២៤ ឧសភាសប្ដាហ៍នេះថា ការសម្អាតបានចាប់ផ្តើមនៅភាគអាគ្នេយ៍របស់ប្រទេសនេះ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្ស ៥ នាក់ និងជន់លិចបំផ្លិចបំផ្លាញលំនៅឋានប្រជាពលរដ្ឋជាង ១០.០០០ ខ្នង។
លោក Albanese បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្រុមអាជ្ញាធរ កំពុងបន្តធ្វើការយ៉ាងអស់ពីចិត្តនៅទូទាំងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្នុងតំបន់ ដើម្បីធ្វើឱ្យប្រាកដថា ប្រជាជនអូស្ត្រាលីទទួលបានការគាំទ្រដែលពួកគេត្រូវការនៅពេលនេះ និងតាមរយៈការស្តារឡើងវិញ។
ទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់របស់រដ្ឋបាននិយាយថា ការវាយតម្លៃការខូចខាតកំពុងដំណើរការនៅក្នុងតំបន់ឆ្នេរភាគកណ្តាលភាគពាយ័ព្យនៃរដ្ឋ New South Wales ដែលរងគ្រោះខ្លាំងជាងគេ បន្ទាប់ពីទឹកជំនន់នៅសប្តាហ៍នេះ បានកាត់ផ្តាច់ទីក្រុងនានា ហូរកួចសត្វ និងបំផ្លាញផ្ទះសម្បែង។ ភ្នាក់ងារនេះ បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់លំនៅឋាន១០.០០០ខ្នង អាចត្រូវបានខូចខាត។
ទីភ្នាក់ងារនេះបាននិយាយថា ស្ថានភាពបានប្រសើរឡើងចាប់តាំងពីថ្ងៃសុក្រនៅក្នុងតំបន់រងផលប៉ះពាល់នៃរដ្ឋដែលមានប្រជាជនច្រើនបំផុតមួយនេះ របស់ប្រទេសអូស្ត្រាលី។
ស្នងការសេវាសង្គ្រោះបន្ទាន់របស់រដ្ឋនេះ លោក Mike Wassing បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងស៊ីដនីថា ទោះបីជាដូច្នេះក៏ដោយ អ្នកស្រុករាប់រយនាក់ដែលរងគ្រោះដោយទឹកជំនន់នៅតែស្ថិតក្នុងមជ្ឈមណ្ឌលជម្លៀសនៅឡើយ ខណៈការជួយសង្គ្រោះពីទឹកជំនន់ចំនួន ៥២លើក ត្រូវបានធ្វើឡើងពេញមួយយប់៕