ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបងប្អូនធ្វើពិពិធកម្មមុខដំណាំ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើន និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ។
ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី បាននាំកសិដ្ឋានគីរីទេស ដែលប្រមូលទិញម្ទេសពូជដៃនាង និងណាលី ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញផង មកពន្យល់ពីតម្រូវការ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ នៅពេលប្រមូលផល ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ ឯកឧត្តម បានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួងលើមុខដំណាំសក្តានុពលផ្សេងទៀតស្របតាមតម្រូវការទីផ្សារ។
លោក ញ៉េន សំអូន តំណាងប្រជាកសិករ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ និងផលប្រយោជន៍ប្រជាកសិករ តាមរយ:ការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីពិនិត្យស្ថានភាពនៃការដាំដុះ បកស្រាយពន្យល់អំពីយន្តការទីផ្សារ និងតម្រង់ទិសផលិតកម្មឱ្យទទួលបានប្រាក់ចំណេញ តាមរយ:ការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕









