
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានសេចក្ដីសោកសង្រេងយ៉ាងខ្លាំង ពេលបានទទួលដំណឹងពីការបាត់បង់ជីវិតមនុស្សជាច្រើននាក់ និងការខូចខាតទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្កឡើងដោយព្យុះកំបុត ត្បូងដ៏សាហាវ ដែលវាយប្រហារលើរដ្ឋមួយចំនួននៅភាគខាងលិច និងខាងត្បូងនៃសហរដ្ឋអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ស្ថិតក្នុងគ្រាដ៏សែនសោកសៅ និងលំបាកនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខដោយស្មោះស្ម័គ្រជាមួយប្រជាជនអាម៉េរិក និងសូមសម្ដែងសេចក្ដីទុក្ខដ៏សែនក្រៀមក្រំ និងក្តីអាណិតអាសូរ ជូនចំពោះក្រុមគ្រួសារទាំងឡាយ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ និងសូមបួងសួងឱ្យជនរងគ្រោះជាច្រើនផ្សេងទៀតដែលកំពុងបាត់ខ្លួនមានសុវត្ថិភាពគ្រប់ៗគ្នា៕ ដោយ៖ គង់ ឌិន

