រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃសុក្រ ទី២៣ ខែឧសភាសប្ដាហ៍នេះថា ប្រទេសរុស្ស៊ី នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់ឱ្យអ៊ុយក្រែននូវសេចក្តីព្រាងឯកសារមួយ ដែលបញ្ជាក់ពីលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង នៅពេលការដោះដូរឈ្លើយសឹកសង្គ្រាម ដែលកំពុងដំណើរការត្រូវបានបញ្ចប់។
លោក Lavrov ក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងរបស់លោក បាននិយាយថា ប្រទេសរុស្ស៊ីបានប្តេជ្ញាចិត្តដើម្បីធ្វើការដោះស្រាយដោយសន្តិវិធីនៅក្នុងសង្រ្គាមដែលមានអាយុកាលជាង៣ ឆ្នាំ ប្រឆាំងនឹងទីក្រុង Kyiv ។
ប្រមុខការទូតរុស្ស៊ីរូបនេះ ក៏បានចោទប្រកាន់អ៊ុយក្រែនផងដែរ ថាបានបើកការវាយប្រហារដោយយានដ្រូនក្នុងរយៈពេលជាច្រើនថ្ងៃទៅលើគោលដៅរបស់រុស្ស៊ីដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងរំខានដល់ចរាចរណ៍ផ្លូវអាកាស។ លោកបានលើកឡើងថាបណ្តាប្រទេសនៅអឺរ៉ុប បានជំរុញទីក្រុងគីវ ឲ្យបើកការវាយប្រហារដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយលោកប្រធានាធិបតីអាមេរិក Donald Trump។
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានដោះលែងឈ្លើយសឹករៀងៗខ្លួនចំនួន៣៩០នាក់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ហើយបាននិយាយថាពួកគេនឹងដោះលែងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាគំនិតផ្តួចផ្តើមមួយបានព្រមព្រៀងគ្នានៅក្នុងកិច្ចពិភាក្សារវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែននៅក្នុងប្រទេសទួរគីកាលពីសប្តាហ៍មុន៕