ទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ (ទី២៤ ខែឧសភា) បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុង Khan Younis ភាគខាងត្បូង បានសម្លាប់កុមារ ៩នាក់ មកពីគ្រួសារតែមួយ ដោយកងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍។

អ្នកនាំពាក្យទីភ្នាក់ងារ លោក Mahmud Bassal បាននិយាយថា ក្រុមមេធាវីការពារជនស៊ីវិល បានទៅយក «សពរបស់កុមារចំនួន ៩នាក់ ដែលខ្លះត្រូវបានឆេះខ្លោចចេញពីផ្ទះរបស់លោកវេជ្ជបណ្ឌិត Hamdi al-Najjar និងភរិយារបស់លោក គឺលោកស្រីវេជ្ជបណ្ឌិត Alaa al-Najjar ដែលទាំងអស់ជាកូនរបស់ពួកគេ»។

លោក Bassal បានបន្ថែមថា លោកវេជ្ជបណ្ឌិត Hamdi al-Najjar និងកូនប្រុសម្នាក់ទៀត ឈ្មោះ Adam ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ អំឡុងការវាយប្រហារកាលពីថ្ងៃទី២៣ ខែឧសភានេះ។ ប្រភពពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ Nasser ជាកន្លែងដែលលោកស្រីវេជ្ជបណ្ឌិត Alaa al-Najjar ធ្វើការ បានប្រាប់ថា Adam មានអាយុ ១០ឆ្នាំ។

វីដេអូក្រោយការវាយប្រហារដែលចេញផ្សាយដោយទីភ្នាក់ងារការពារជនស៊ីវិល បានបង្ហាញឲ្យឃើញក្រុមអ្នកជួយសង្គ្រោះបានយកអដ្ឋិដែលឆេះខ្ទេចពីផ្ទះសម្បែងដែលរងការខូចខាតនោះ។ នៅពេលត្រូវបានសួរអំពីហេតុការណ៍នេះ យោធាអ៊ីស្រាអែលបានឆ្លើយតបថា ខ្លួនបានវាយប្រហារលើជនសង្ស័យមួយចំនួនដែលត្រូវបានកំណត់អត្តសញ្ញាណថា កំពុងប្រតិបត្តិការពីរចនាសម្ព័ន្ធមួយនៅជិតកងទ័ពរបស់ខ្លួន៕