បាតុករអ៊ីស្រាអែល បានប្រមូលផ្តុំគ្នា នៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ (ទី២៤ ខែឧសភា) ដោយអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា និងឲ្យមានការដោះលែងចំណាប់ថ្នូរ។

អំឡុងការតវ៉ានោះ ក្រុមបាតុករខ្លះបានអំពាវនាវឲ្យឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលអាចធានាបាននូវការវិលត្រលប់មកវិញរបស់ចំណាប់ថ្នូរ ខណៈដែលអ្នកផ្សេងទៀតត្រូវការឲ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu លាលែងពីតំណែង។

គិតចាប់តាំងពីការដួលរលំនៃកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីខែមីនាមក ទាហានអ៊ីស្រាអែល បាននិងកំពុងធ្វើប្រតិបត្តិការបង្កើតនូវតំបន់ទ្រនាប់យ៉ាងធំ នៅតំបន់ហ្កាហ្សា ដោយបានបង្ខំឲ្យប្រជាជនចំនួន ២,៣លាននាក់ទៅជ្រកកោននៅក្នុងតំបន់កាន់តែតូចចង្អៀតទៅៗ នៅភាគកណ្តាលនៃដែនដីនេះ និងតាមបណ្តោយឆ្នេរ ហើយបានបិទច្រកចូលរបស់រថយន្តជំនួយ។

គួររំលឹកថា អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាស និងផ្លូវគោក នៅតំបន់ហ្កាហ្សា បន្ទាប់ពីមានការវាយប្រហារឆ្លងព្រំដែនរបស់ពួកសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាហេតុការណ៍ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ តាមការសរុបរបស់អ៊ីស្រាអែល ហើយមានការចាប់ចំណាប់ថ្នូរ ២៥១នាក់ យកទៅឃុំនៅក្នុងតំបន់ហ្កាហ្សា។
ហើយបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក យុទ្ធនាការរបស់អ៊ីស្រាអែល បានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីនជាង ៥៣.៦០០នាក់ និងបានបំផ្លិចបំផ្លាញដែនដីឆ្នេរនេះស្ទើរខ្ទេចខ្ទី។ ក្រុមជំនួយលើកឡើងថា សញ្ញានៃកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ កំពុងរីករាលដាល៕