ភ្នំពេញ ៖ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានផ្ដល់មួកសុវត្ថិភាពចំនួន ៥៥៥ មួក និងមានការចែករំលែកពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់តំណាងសហគមន៍ខណ្ឌដង្កោ រួមមាន អជ្ញាធរ មន្ត្រី លោកគ្រូ អ្នកគ្រូ នៃសាលាខណ្ខ អធិការដ្ឋានខណ្ឌ ការិយាល័យអប់រំ និងវិទ្យាល័យ ក្នុងខណ្ឌដង្កោ ដើម្បីលើកកម្ពស់ការស្រលាញ់សុវត្ថិភាពខ្លួនពេលធ្វើដំណើរនៅលើដងផ្លូវ ព្រោះថា «សុវត្ថិភាពអ្នក ចេញពីអ្នក»។
បើតាមតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ និងដើម្បីផ្ដល់ជាសារទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមរយៈអ្នកចូលរួមពីស្ថាប័នពាក់ពន្ធ័សំខាន់ៗទាំង ៣។ បន្ថែមពីនេះ ក៏ជាការចូលរួមចំណែកថ្មីមួយទៀត របស់ ខ្មែរ ប៊ែរវើរីជីស ជាមួយនឹងសហគមន៍ ដើម្បីបង្កើនស្មារតីទទួលខុសត្រូវលើសុវត្ថិភាពបើកបរផ្លូវគោក និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការពារជីវិតអ្នកដោយពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ គឺជាការបង្ហាញពីទំនួលខុសត្រូវរបស់អ្នកចំពោះខ្លួនឯង និងអ្នកបើកបរជុំវិញខ្លួនអ្នក។
ជាមួយគ្នានោះដែរលោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោ សូមថ្លែងអំណរគុណដល់ ខ្មែរ ប៊ែវើរីជីស ដែលតែងតែជួយឧបត្ថម្ភដល់ខណ្ឌដង្កោកន្លងមក និងជាបន្តបន្ទាប់ តាមរូបភាពផ្សេងៗ ជាពិសេសដូចនៅក្នុងថ្ងៃនេះដោយបានផ្តល់មួកសុវត្ថិភាពចំនួន៥៥៥មួក។ ការពាក់មួកសុវត្ថិភាព គឺសំខាន់ណាស់ ដើម្បីជួយការពារអាយុជីវិតនៅពេលចេញដំណើរ ព្រោះថាមួកមួយអាចជួយការពារជីវិតមួយ៕
ជាចុងក្រោយលោកស្រីអនុសេនីយឯក សោម សុខន នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ បានចែករំលែកពីច្បាប់ចរាចរណ៍ផ្លូវ និងសូមឲ្យអជ្ញាធរ មន្ត្រី លោកគ្រូ អ្នកគ្រូ នៃសាលាខណ្ខ អធិការដ្ឋានខណ្ឌ ការិយាល័យអប់រំ និងវិទ្យាល័យ ក្នុងខណ្ឌដង្កោទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនត្រូវបើកបរល្មើសច្បាប់នោះទេ៕អត្ថបទ ៖ រដ្ឋា




