ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថាលោក មិនសប្បាយចិត្តចំពោះលោក Putin ទេបន្ទាប់ពីរុស្ស៊ីបានទម្លាក់គ្រាប់បែកពីលើអាកាសដ៏ធំបំផុតរបស់ខ្លួនទៅលើអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីឆ្នាំ ២០២២។

លោកបានប្រាប់អ្នកសារព័ត៌មានថា រូបលោកមិនសប្បាយចិត្តនឹងអ្វីដែលមេដឹកនាំរុស្ស៊ី Putin កំពុងធ្វើនោះទេ។លោកបានសម្លាប់មនុស្សជាច្រើន ហើយលោកមិនដឹងថាមានអ្វីកើតឡើងចំពោះ លោកPutin នោះទេ។លោកបានស្គាល់លោកPutin យូរមកហើយ ហើយតែងតែមានទំនាក់ទំនងល្អជាមួយគ្នា ប៉ុន្តែប្រធានាធិបតីរុស្ស៊ីរូបនេះ បានបញ្ជូនគ្រាប់រ៉ូកែតចូលទៅក្នុងទីក្រុងនានារបស់អ៊ុយក្រែន និងសម្លាប់មនុស្សជាច្រើន ហើយលោកមិនចូលចិត្តចំពោះរឿងនោះទាល់តែសោះ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះការវាយប្រហាររបស់រុស្ស៊ីបានបណ្ដាលឲ្យមនុស្ស១៣នាក់ស្លាប់ និង៥៦នាក់រងរបួសក្នុងប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតីអាមេរិករូបនេះ បានគំរាមដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ស្របពេលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបង្ហាញកញ្ចប់ទណ្ឌកម្មថ្មី។

ចំណាត់ការថ្មីនេះកើតឡើង ស្របពេលប្រសិតពិសេសអាមេរិកលោកឧត្តមសេនីយឯក Keith Kellogg បានអំពាវនាវឱ្យមានបទឈប់បាញ់មួយ ហើយបាននិយាយថា ការសម្លាប់ស្ត្រី និងកុមារដោយមិនរើសមុខនៅពេលយប់ក្នុងផ្ទះរបស់ពួកគេ គឺជាការរំលោភយ៉ាងច្បាស់លើពិធីសារសន្តិភាពទីក្រុងហ្សឺណែវឆ្នាំ១៩៧៧ ដែលត្រូវបានបង្កើតឡើងដើម្បីការពារជនស្លូតត្រង់។
ការវាយប្រហារដោយយានដ្រូនកើនឡើងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងសប្តាហ៍នេះ ខណៈរុស្ស៊ី និងអ៊ុយក្រែនបានដោះដូរអ្នកទោស ដែលជាផ្នែកមួយនៃការចរចាដោះដូរពលរដ្ឋមួយពាន់នាក់មកពីភាគីនីមួយៗ៕
