ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) អូស្ត្រាលី នូវែលសេឡង់ និងសហគមន៍ម្ចាស់ជំនួយបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន(CMAA) និងអង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងសហគមន៍ម្ចាស់ជំនួយ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកការប្រជុំតាមអនឡាញ និងការប្រជុំនៅនឹងកន្លែង ជាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ “គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស”។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកស្រី ជី យៀក្យុង (Ms. Ji Yea Kyung) អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី និងជា អនុប្រធានទី១អាជ្ញាធរមីន និងលោកស្រី Alissar CHAKER តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា រួមជាមួយសហការីអាជ្ញាធរមីន និងយូអិនឌីភី និងមានការចូលរួមពីតំណាងមកពីនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម(DFAT)របស់ប្រទេសអូស្រ្តាលី ប្រទេសនូវែលហ្សេឡង់ និងមកពីក្រសួងសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុកម្ពុជា។
កិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ក)-ការងារបោសសម្អាតមីនឆ្នាំ២០២១ រួមទាំងសមិទ្ធិផលគម្រោងឆ្នាំ២០២១ និងបញ្ហាប្រឈមក្នុងការអនុវត្ត និងខ)-បង្ហាញនូវអាទិភាពសំខាន់ៗឆ្នាំ២០២២ និងបច្ចុប្បន្នភាពហិរញ្ញវត្ថុ។ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណាក់កាលផ្លាស់ប្តូរសម្រាប់កម្មវិធី ខណៈដែលវាផ្លាស់ប្តូរពីការឆ្លើយតបមនុស្សធម៌ទៅវិធីសាស្រ្តដែលផ្តោតលើការអភិវឌ្ឍន៍មនុស្ស។ ម្ចាស់ជំនួយបច្ចុប្បន្ន និងអនាគតត្រូវបានអញ្ជើញឲ្យគាំទ្រគម្រោងនេះ ដើម្បីជួយសម្រេចបាននូវគោលដៅនៃប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ដូចដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តជាតិសកម្មភាពមីន(NMAS) ឆ្នាំ២០១៨-២០២៥ និងចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា គឺគោលដៅទី១៨ កម្ពុជា គ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បី "បញ្ចប់" ផលប៉ះពាល់អវិជ្ជមាននៃមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងលើកកម្ពស់ជំនួយជនរងគ្រោះ”។
ឯកឧត្ដម លី ធុជ បានថ្លែងអំណរគុណ ចំពោះកយកា(KOICA) និងម្ចាស់ជំនួយដទៃទៀត ដែលបានគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការអនុវត្ត យុទ្ធសាស្ត្រជាតិកម្ចាត់មីនឆ្នាំ២០១៨-២០២៥ និងដើម្បីទទួលបានជោគជ័យ នៃគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)ពីឆ្នាំ ២០២០-២០២៥៕អត្ថបទ ៖ រដ្ឋា
