ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់ការដោះដូរឈ្លើយសឹករយៈពេលបីថ្ងៃរបស់ខ្លួន។ ភាគីម្ខាងៗបានដោះដូរមនុស្ស ១.០០០នាក់នៅក្នុងការដោះដូរច្រើនបំផុត ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។
អ៊ុយក្រែន និងរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យ ជាថ្ងៃចុងក្រោយនៃការដោះដូរថា ភាគីម្ខាងៗបានដោះលែងសមាជិកយោធាចំនួន៣០៣នាក់កាលពីថ្ងៃមុននេះ។ ប្រទេសទាំងពីរ បានព្រមព្រៀងលើការដោះដូរនេះក្នុងអំឡុងពេលកិច្ចចរចាផ្ទាល់របស់ខ្លួននៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី កាលពីថ្ងៃទី១៦ ខែឧសភា។ នោះគឺជាជំនួបទល់មុខគ្នាលើកដំបូងរវាងអ៊ុយក្រែននិងរុស្ស៊ី ក្នុងរយៈពេលប្រហែលបីឆ្នាំមកនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសេរលើបណ្តាញផ្សព្វផ្សាយសង្គមដោយសន្យាថានឹងនាំយកជនរួមជាតិរបស់លោកដែលជាប់ឃុំឃាំងនៅរុស្ស៊ីត្រឡប់មកវិញ។ ទន្ទឹមនឹងនេះ រុស្ស៊ីបានវាយប្រហារដោយយានដ្រូន និងមីស៊ីលទៅលើអ៊ុយក្រែន ចាប់តាំងពីយប់ថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ។
តំបន់រងគ្រោះរួមមានទាំង រដ្ឋធានីគីវ និងតំបន់ភាគពាយ័ព្យ Zhytomyr ដែលមនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ ក្នុងនោះមានកុមារ៣នាក់ ។ ការវាយប្រហារនេះមានយានដ្រូនជិត៣០០គ្រឿង និងមីស៊ីលជិត៧០គ្រាប់ រួមទាំងគ្រាប់ផ្លោងជាច្រើនគ្រាប់ទៀត។