យោធាសហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង ៦ពាន់លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដើម្បីជ្រើសរើស និងរក្សាទុកសមាជិកកងទ័ព ដែលជាយុទ្ធនាការកំពុងកើនឡើងដើម្បីប្រឆាំងនឹងកង្វះការចូលបម្រើការងារយោធា។

ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុក្នុងការចុះឈ្មោះសារជាថ្មីចូលក្នុងកងទ័ព ទ័ពជើងទឹក ទ័ពអាកាស និងកងម៉ារីន បានកើនឡើងយ៉ាងខ្លាំងពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ ដោយផ្នែកកងទ័ពជើងទឹកបានចំណាយលើសពីវិស័យផ្សេងទៀត នេះបើយោងតាមតួលេខសរុបដែលផ្តល់ដោយសេវាយោធា។ ចំនួនសរុបនៃប្រាក់រង្វាន់ជ្រើសរើសទាហានថ្មី ក៏កើនឡើងជាលំដាប់ ដែលជំរុញដោយកំណើនគួរឱ្យកត់សម្គាល់នៅក្នុងការចំណាយដោយកងទ័ពជើងគោក និងកងម៉ារីន។
សេវាយោធាអាមេរិក បានចាយប្រាក់ជាប្រចាំទៅក្នុងប្រាក់រង្វាន់នៃការជ្រើសរើសថ្មី និងរក្សាទុកទ័ពអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែចំនួនសរុបបានកើនឡើងខ្លាំង នៅពេលថ្នាក់ដឹកនាំមន្ទីរបញ្ចកោណ ព្យាយាមបង្កើនការចុះឈ្មោះចូលបម្រើការងារដែលបានធ្លាក់ចុះ ជាពិសេសដោយសារការរឹតបន្តឹងនៃជំងឺរាតត្បាតកូវីដ១៩។
លោកប្រធានាធិបតី Donald Trump និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានអះអាងម្តងហើយម្តងទៀតចំពោះការជាប់ឆ្នោតរបស់លោក Trump ថាជាហេតុផលសម្រាប់ការបង្កើនការជួលទ័ព ប៉ុន្តែការបង្កើនកម្រិតចូលបម្រើយោធានេះបានចាប់ផ្តើមជាយូរមកហើយមុនខែវិច្ឆិកា ឆ្នាំមុនទៅទៀត។
កងទ័ព ដែលជាសេវាដ៏ធំបំផុតរបស់យោធា បានចំណាយប្រាក់បន្ថែមលើការជ្រើសរើសបុគ្គលិកក្នុងឆ្នាំ២០២២ និង២០២៤ ជាងវិស័យផ្សេងទៀត ប៉ុន្តែផ្នែកនេះត្រូវបានបង្កើនកាន់តែខ្លាំងដោយកងទ័ពជើងទឹកក្នុងឆ្នាំ២០២៣ នៅពេលសេវាដែនសមុទ្រ កំពុងជម្នះការខ្វះខាតក្នុងការចូលបម្រើការងារដ៏ធំ៕

