ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអតិត្យ (ទី២៥ ខែឧសភា) បាននិយាយថា គោលនយោបាយពន្ធគយរបស់លោក មានគោលបំណងលើកកម្ពស់ការផលិតរថក្រោះ និងផលិតផលបច្ចេកវិទ្យា ក្នុងស្រុក មិនមែនស្បែកជើងឃ្លុបចងខ្សែ និងអាវយឺតនោះទេ។
អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនឡើងយន្តហោះ Air Force One នៅទីក្រុង New Jersey លោក Trump បានប្រាប់ថា លោកយល់ស្របនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent កាលពីថ្ងៃទី២៩ ខែមេសា ដែលថា សហរដ្ឋអាមេរិកមិនចាំបាច់ត្រូវការ «ឧស្សាហកម្មវាយនភណ្ឌដែលកំពុងរីកចម្រើន» នោះឡើយ ជាការលើកឡើងដែលនាំឲ្យមានការរិះគន់ពីក្រុមប្រឹក្សាជាតិនៃសមាគមវាយនភណ្ឌ។
លោក Trump បានបញ្ជាក់ថា៖ «យើងមិនស្វែងរកការផលិតស្បែកជើងឃ្លុបចងខ្សែ និងអាវយឺតនោះទេ។ យើងចង់ផលិតគ្រឿងយុទ្ធោបករណ៍។ យើងចង់ផលិតបច្ចេកវិទ្យាធំៗ។ យើងចង់បង្កើត AI (បញ្ញាសិប្បនិម្មិត) ក្នុងប្រព័ន្ធកុំព្យូទ័រ»។

លោក Trump បានសង្កត់ធ្ងន់ថា៖ «និយាយដោយស្មោះត្រង់ ខ្ញុំមិនចាប់អារ្មណ៍ផលិតអាវយឺតទេ ខ្ញុំមិនចាប់អារម្មណ៍ផលិតស្រោមជើងទេ។ យើងអាចធ្វើកិច្ចការនោះបានយ៉ាងល្អនៅទីតាំងផ្សេង។ យើងកំពុងស្វែងរកការផលិតបន្ទះឈីប និងកុំព្យូទ័រ និងគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត ព្រមទាំងរថក្រោះ និងនាវា»។
ជាឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump សមាគមកាត់ដេរ និងស្បែកជើងអាមេរិក (AAPA) បានលើកឡើងថា ពន្ធគយមិនល្អសម្រាប់ឧស្សាហកម្មនេះឡោះយ។
ប្រធាន AAPA លោក Steve Lamar បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដោយ ៩៧ភាគរយនៃសម្លៀកបំពាក់ និងស្បែកជើងដែលពាក់ ត្រូវបាននាំចូល ហើយដោយសម្លៀកបំពាក់ និងស្បែកជើង គឺជាឧស្សាហកម្មដែលមានពន្ធខ្ពស់បំផុត នៅសហរដ្ឋអាមេរិករួចហើយនោះ យើងត្រូវផ្តោតលើដំណោះស្រាយសុភនិច្ឆ័យដែលអាចមានផលល្អយ៉ាងពិតប្រាកដ។ ពន្ធកាន់តែខ្ពស់ នឹងមានន័យថា ថ្លៃដើមកាន់តែឡើង ដែលនិងប៉ះពាល់ដល់ក្រុមហ៊ុនផលិតអាមេរិក ហើយតម្លៃកាន់តែខ្ពស់ដែលនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ចំណូលទាប»៕
