កំពង់ឆ្នាំង៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារៈយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងធ្វើការកម្ទេចចោល សម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង ឬសារមន្ទីរ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចពិជ័យសេនា មានប្រសាសន៍ថា ការប្រមូលនូវអាវុធ និងសម្ភារៈយោធារបស់អាមេរិក កំពុងដំណើរការ ខណៈអាវុធមួយចំនួនមានសភាពចាស់ មិនអាចប្រើប្រាស់បាន ដោយភាគតិចណាស់ ដែលអាចប្រើបាន ។
សម្ដេច បានបន្តថា កន្លងមកក្រសួងការពារជាតិបានទុកដាក់ក្នុងឃ្លាំង ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ក្នុងការត្រួតពិនិត្យមើលពីចំនួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាទុក ឬដល់កម្រិតមួយបំផ្លាញ់ចោល ឬយ៉ាងណា ព្រោះអាវុធ និងគ្រឿងបំពាក់នេះ កាលណាដល់អាយុកាល ពេលចាស់ពេក ខូចខាតធ្ងន់ធ្ងរពេកទុកនាំអន្តរាយដែរ តែងតែធ្វើការបំផ្លាញជាបន្តបន្ទាប់ ។
សម្ដេចពិជ័យសេនា បន្ថែមថា អាមេរិកថាមិនលក់អាវុធមកឲ្យកម្ពុជាទៀត នឹងកាន់តែល្អហើយ ដោយរាជរដ្ឋាភិបាលបច្ចុប្បន្នមិនដែលទិញអាវុធពីអាមេរិកដែរ ដោយអាវុធមាននៅសល់នេះ គឺប្រមូលពីសម័យសង្គ្រាមឆ្នាំ១៩៧០ ដោយជំនន់ លន់ នល់ យកមកប្រើប្រាស់ ដោយមាននៅសេសសល់បាត់ឃ្លាំង និងមួយចំណែកទៀត បានពីប្រភពនៃភាគីប្រយុទ្ធណាមួយ ក៏មិនបានប្រើប្រាស់ដែរ ដោយធ្វើការប្រមូលទុកដាក់បានច្បាស់លាស់ ហើយកំពុងពិចារណាមើលធ្វើយ៉ាងណាទៀតនោះ គឺសម្រេចនៅពេលក្រោយ ។
ឆ្លើយតបការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាទៅក្រសួងការពារជាតិ ត្រូវប្រមូលនូវអាវុធ ឬសម្ភារៈយោធារបស់អាមេរិក ដែលប្រើប្រាស់លែងកើត ត្រូវកម្ទេចចោល និងរក្សាទុក ៕






