ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូអមដំណើរ ចូលក្រាបថ្វាយបង្គំគាល់ និងបានថ្វាយដង្វាយមួយចំនួន នៅព្រះរាជដំណាក់គន្ធបុប្ផាក្នុងព្រះបរមរាជវាំង។
យោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានអំណោយថវិកាសប្បុរសចំនួន ១ម៉ឺនដុល្លារ និងឯកសារផ្សេងៗដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា សម្រាប់តម្កល់ជាឧត្តមប្រយោជន៍ដល់ប្រជានុរាស្រ្ត និងវិស័យកសិកម្ម៕








