បាល់ទាត់៖ ក្រុមជើងឯករង Euro ២០២០ អង់គ្លេសនឹងត្រូវប្រឈមជាមួយក្រុមជើងឯកអ៊ីតាលី រួមជាមួយនឹងអាល្លឺម៉ង់ក្នុងការប្រកួតក្របខណ្ឌ UEFA Nations League រដូវកាល ២០២២-២៣។ ក្រុមរបស់លោក Gareth Southgate ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល A3 ដែលក្រៅពីអ៊ីតាលី និងអាល្លឺម៉ង់ក៏មានហុងគ្រីផងដែរ។
ចំណែកក្រុមការពារជើងឯកបារាំងស្ថិតក្នុងពូល A1 ជាមួយដាណឺម៉ាក អូទ្រីស និងក្រូអាស៊ី ខណៈពូល A2 រួមមានអេស្ប៉ាញ ព័រទុយហ្កាល់ សាធារណរដ្ឋឆេក និងស្វ៊ីស។ រីឯពូល A4 រួមមាន វែល ហូឡង់ ប៊ែលហ្ស៊ិក និងប៉ូឡូញ។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២ ខែមិថុនាឆ្នាំក្រោយរហូតដល់ថ្ងៃទី២៧ ខែកញ្ញាបញ្ចប់ការប្រកួតក្នុងពូល។ ក្រុមលេខ១ ក្នុងពូលទាំង៤ នឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖នាង សុភាវុធ