អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃចន្ទ (ទី២៦ ខែឧសភា) នេះ បាននិយាយថា អ៊ីរ៉ង់នឹងមិនពិចារណាផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាបណ្តោះអាសន្ន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះឡើយ ហើយបានបន្ថែមថា មិនទាន់មានការកំណត់នូវកាលបរិច្ឆេទនៅឡើយទេ សម្រាប់កិច្ចចរចាជុំទី៦ ជាមួយទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា កិច្ចចរចា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ត្រូវបានធ្វើឡើងក្នុងគោលបំណងដោះស្រាយជម្លោះដ៏យូររាប់ទស្សវត្សរ៍ ជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយភាគីទាំង២ បានប្រកាន់ជំហរតឹងរ៉ឹងជាសាធារណៈ ពាក់ព័ន្ធនឹងបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។

នៅពេលត្រូវបានសួរអំពីរបាយការណ៍ដែលថា អ៊ីរ៉ង់អាចផ្អាកចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រយៈពេល ៣ឆ្នាំ ដើម្បីឈានដល់កិច្ចព្រមព្រៀងនោះ អ្នកនាំពាក្យ លោក Esmail Baghaei បានប្រាប់សន្និសីទសារព័ត៌មានថា «អ៊ីរ៉ង់នឹងមិនទទួលយកវិធានការនេះទេ»។
ហើយជាមួយគ្នានេះ លោក Baghaei ក៏បានច្រានចោលផងដែរនូវលទ្ធភាពពីការមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរបណ្តោះអាសន្នជាមួយសហរដ្ឋអាមេរិក ដោយបានដិសេធមិនទទួលយករបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថា កិច្ចព្រមព្រៀងបណ្តោះអាសន្ន កំពុងត្រូវបានចាត់ទុកថា ជាជំហានបណ្តោះអាសន្នឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ។
លោកប្រធានាធិបតីធាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក បានមាននូវកិច្ចពិភាក្សាមួយ «ដ៏ល្អណាស់» ជាមួយគណៈប្រតិភូអ៊ីរ៉ង់ កាលពីចុងសប្តាហ៍។ លោក Baghaei បានបញ្ជាក់បន្ថែមថា ប្រទេសអ៊ីរ៉ង់កំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមពីអ្នកសម្របសម្រួលអូម៉ង់ ទាក់ទងនឹងពេលវេលានៃកិច្ចចរចាបន្ទាប់៕

