បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool មិនរបូតបីពិន្ទុឡើយនៅពេលទទួលភ្ញៀវសារិកាព្រៃ Newcastle ដោយយកឈ្នះក្នុងលទ្ធផល ៣-១។ Liverpool ដែលអវត្តមាន Virjil van Dijk និង Fabinho ដោយសារតេស្តវិជ្ជមាន Covid-19 នោះចាប់ផ្តើមដំបូងត្រូវក្រុមភ្ញៀវ Newcastle បើកការនាំមុខមុនតាំងពីនាទីទី៧ ដោយអតីតកីឡាកររបស់ Liverpool, Jonjo Shelvey។

យ៉ាងណាក្តីក្រុមម្ចាស់ផ្ទះ Liverpool ឆ្លើយតបភ្លាមៗក្នុងវគ្គទី១ នៅពេលខ្សែប្រយុទ្ធព័រទុយហ្កាល់ Diogo Jota តាមស្មើនៅនាទីទី២១ មុនពេលដែល Mohamed Salah ស៊ុតនាំមុខលើកដំបូងនៅនាទីទី២៧ ដែលជាគ្រាប់បាល់ទី២២ របស់ខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះរដូវកាលនេះ។ ក្រុមរបស់លោក Jurgen Klopp ត្រូវរង់ចាំដល់នាទីទី៨៧ ទើបអាចរកគ្រាប់បាល់ធានាបីពិន្ទុបានដោយខ្សែការពារ Trent Alexander-Arnold។ ជ័យជំនះនេះធ្វើឱ្យ Liverpool បន្តឈរលេខ២ ក្នុងតារាងមាន ៤០ពិន្ទុដេញពីក្រោយក្រុមកំពូលតារាង Manchester City ១ពិន្ទុ។

ចំណែកមួយគូទៀតយប់មិញ Chelsea បានខកខានបីពិន្ទុក្នុងទឹកដីខ្លួនឯងក្រោយពេលស្មើនឹងក្រុមភ្ញៀវ Everton ១-១។ គ្រាប់បាល់ទាំងពីរគ្រាប់ក្នុងការប្រកួតត្រូវរង់ចាំដល់នាទីទី៧០ ពោលគឺម្ចាស់ផ្ទះនាំមុខមុនដោយ Mason Mount តែមិនយូរទេ ៤នាទីក្រោយមក Everton ក៏តាមស្មើវិញដោយខ្សែការពារ Jarrad Branthwaite។ បើទោះជាមានឱកាសគ្រប់គ្រងបាល់ដល់ទៅ ៨០% ក្នុងការប្រកួត Chelsea មិនអាចរកគ្រាប់ជ័យជំនះបានឡើយ ខណៈ ១-១ រក្សាដល់ចប់ការប្រកួតមានន័យថា ក្រុមរបស់លោក Thomas Tuchel ត្រូវដេញពីក្រោយ Liverpool ៣ពិន្ទុ និង ៤ពិន្ទុពីក្រោយក្រុមកំពូលតារាង Manchester City៕
អត្ថបទ៖នាង សុភាវុធ