បេក្ខជនប្រធានាធិបតីសេរីនិយមរបស់កូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃចន្ទ (ទី២៦ ខែឧសភា) បាននិយាយថា លោកនឹងស្វែងរកការស្តារឡើងវិញនូវទំនាក់ទំនង រវាងទីក្រុងសេអ៊ូល និងកូរ៉េខាងជើង ក្នុងនោះរួមទាំងតាមរយៈបណ្តាញទូរសព្ទយោធាទាន់ហេតុការណ៍ ប្រសិនបើលោកជាប់ឆ្នោត។
គួររំលឹកថា កន្លងមក ប្រទេសកូរ៉េទាំង២ ធ្លាប់បានទាក់ទងគ្នាដោយប្រើប្រាស់បណ្តាញទូរសព្ទទាន់ហេតុការណ៍ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបញ្ឈប់ការឆ្លើយតប ចាប់តាំងពីឆ្នាំ២០២៣ ស្របពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនូវទំនាក់ទំនង រវាងប្រទេសជិតខាងនេះ។

ជាមួយគ្នានេះ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Facebook លោក Lee ដែលជាបេក្ខជននាំមុខគេ នៅក្នុងការស្ទង់មតិ សម្រាប់ការបោះឆ្នោតថ្ងៃទី៣ ខែមិថុនា ក៏បានលើកឡើងផងដែរថា លោកនឹង «ដោះស្រាយប្រកបដោយស្ថិរភាព» នូវទំនាក់ទំនងជាមួយប្រទេសចិន ដែលលោកបាននិយាយថា បានឈានដល់ «ស្ថានភាពដ៏អាក្រក់បំផុត» ក្រោមរដ្ឋបាលមុន។
លើសពីនោះទៀត លោកបានប្តេជ្ញាថា នឹងលើកកម្ពស់ទំនាក់ទំនងអាមេរិក-កូរ៉េខាងត្បូងឲ្យទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឆ្លើយតបជាគោលការណ៍ ចំពោះបញ្ហាប្រវត្តិសាស្ត្រ និងដែនដី នាពេលកន្លងមក ទាក់ទងនឹងប្រទេសជប៉ុន ស្របពេលដែលពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។
យ៉ាងណាក្ដី ទីប្រឹក្សារបស់លោក Kim Moon-soo របស់ក្រុមអភិរក្សនិយម ដែលជាគូប្រជែងការបោះឆ្នោតដ៏សំខាន់របស់លោក Lee បាននិយាយថា ការលើកឡើងរបស់លោក Lee មានដូចគ្នាយ៉ាងច្រើនទៅនឹងការសន្យារបស់លោក Kim ជាពិសេសការពង្រឹងសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន និងការបន្តបើកទ្វារចំហ សម្រាប់ការសន្ទនាជាមួយទីក្រុងព្យុងយ៉ាង៕

