គណៈប្រតិភូប៉ាឡេស្ទីន បានទទួលបានសិទ្ធិលើកទង់ជាតិរបស់ពួកគេ នៅអង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីមានជ័យជម្នះជានិមិត្តរូប នៅក្នុងការបោះឆ្នោត នាថ្ងៃចន្ទ (ទី២៦ ខែឧសភា) ជាអ្វីដែលបេសកជនដែនដីនេះ សង្ឃឹមថា នឹងនាំឲ្យមានការទទួលស្គាល់កាន់តែច្រើនឡើងៗ នៅអង្គការសហប្រជាជាតិ (UN) និងលើសពីនោះទៀត។
សំណើដែលលើកឡើងដោយប្រទេសចិន ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសដទៃទៀត នៅឯសន្និបាតប្រចាំឆ្នាំរបស់ទីភ្នាក់ងារពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអនុម័តយល់ព្រមដោយ ៩៥សំឡេង គាំទ្រ និង ៤សំឡេង ប្រឆាំង ដែលមានអ៊ីស្រាអែល ហុងគ្រី សាធារណរដ្ឋឆេក និងអាល្លឺម៉ង់ ខណៈ ២៧សំឡេងអនុបវាទ។

លទ្ធផលនេះកើតមានបន្ទាប់ពីការប៉ុនប៉ងដោយជោគជ័យរបស់ប៉ាឡេស្ទីន សម្រាប់សមាជិកភាពនៃមហាសន្និបាត UN នៅឆ្នាំ២០២៤ ហើយកើតឡើងចំពេលមានសញ្ញាថា ប្រទេសបារាំងអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
នៅក្នុងសេចក្ដីយោងជាក់ស្តែង ចំពោះសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ដែលបាន និងកំពុងបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា ប្រតិភូលីបង់ លោកស្រី Rana el Khoury បាននិយាយថា លទ្ធផលនៃការបោះឆ្នោតនេះ បានផ្តល់ឲ្យនូវ «សញ្ញាដ៏តូចមួយនៃក្តីសង្ឃឹម សម្រាប់ប្រជាជនប៉ាឡេស្ទីនដ៏ក្លាហាន ដែលការរងទុក្ខវេនា បានឈានដល់កម្រិតមិនអាចទទួលយកបាន»។
អ៊ីស្រាអែលបានតវ៉ាប្រឆាំងនឹងសេចក្ដីសម្រេចរបស់ WHO និងបានអំពាវនាវឲ្យមានការបោះឆ្នោត។ សម្ព័ន្ធមិត្តសំខាន់របស់ប្រទេសនេះ គឺសហរដ្ឋអាមេរិក ដែលមានគម្រោងចាកចេញពី WHO មិនបានចូលរួមនោះទេ។ ទោះបីជាប្រទេសជិត ១៥០ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក៏ដោយ ក៏ប្រទេសលោកខាងលិច និងមហាអំណាចផ្សេងទៀតដោយភាគច្រើន មិនទទួលស្គាល់ទេ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុនផងដែរ៕
