អ្នកការទូតកំពូលរបស់ហ្វីលីពីណ លោក Enrique Manalo បាននិយាយថា ទីក្រុងម៉ានីលបើកចំហ ចំពោះកិច្ចព្រមព្រៀងបន្ថែមណាមួយទៀតជាមួយទីក្រុងប៉េកាំង ដែលអាចជួយបន្តរក្សាសន្តិភាព នៅសមុទ្រចិនខាងត្បូង ចំពេលមានការប្រឈមមុខដាក់គ្នាឥតឈប់ឈរ ជុំវិញតំបន់ជម្លោះ។
សមុទ្រចិនខាងត្បូងដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មដឹកជញ្ជូនតាមនាវាប្រចាំឆ្នាំតម្លៃប្រហែល ៣សែនកោដិដុល្លារ នៅតែជាប្រភពនៃភាពតានតឹង រវាងចិន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺហ្វីលីពីន ដោយទំនាក់ទំនងរបស់ប្រទេសទាំង២ ស្ថិតក្នុងស្ថានភាពអាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ចំពេលមានការប្រឈមមុខគ្នាញឹកញាប់ដែលបង្កជាការព្រួយបារម្ភ ក្នុងតំបន់ដែលថា ប្រទេសទាំង២ អាចឈានដល់ការមានជម្លោះ។
ហ្វីលីពីនមានការព្រួយបារម្ភ ចំពោះការមានវត្តមានឥតឈប់ឈរនៃឆ្មាំល្បាតឆ្នេររបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ដែលប្រទេសទាំង២ អះអាងពីសិទ្ធិអធិបតេយ្យភាពលើតំបន់មានជម្លោះ រួមមានឆ្នេរខ្សាច់ដែលគ្មានមនុស្សរស់នៅ តំបន់សំម្បូរដោយត្រី និងតំបន់ថ្មប៉ប្រះទឹកដែលទីក្រុងម៉ានីលមានកងទ័ពឈរជើងនៅលើនាវាកងទ័ពជើងទឹកដែលបោះយុថ្កាចចតចោល។
យ៉ាងណាក្ដី នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ (ទី២៥ ខែឧសភា) លោក Manalo បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិននិយាយថា កិច្ចការនានា (ការរៀបចំ) នឹងកើតឡើងជាចាំបាច់នោះទេ ប៉ុន្តែអ្វីដែលនៅក្នុងវិសាលភាពនៃមធ្យោបាយការទូត ឬមធ្យោបាយសន្តិភាព ឬកិច្ចសហប្រតិបត្តិការ គឺពិតជាស្ថិតនៅក្នុងគំរូរបស់យើង»៕